អ្នកនាំពាក្យក្រសួងការពារជាតិ ៖ កិច្ចប្រជុំ RBCបានបញ្ចប់ដោយជោគជ័យ ដែលឈានទៅដល់សារៈសំខាន់ នៃការពង្រឹងទំនាក់ទំនង និងកសាងទំនុកចិត្តគ្រប់កម្រិត
(ភ្នំពេញ)៖ តាមរយៈកិច្ចប្រជុំ វិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្ត ច័ន្ទបុរី និង ខេត្តត្រាតរបស់ថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានបញ្ចប់ដោយជោគជ័យ ដែលឈានទៅដល់សារៈសំខាន់នៃការពង្រឹងទំនាក់ទំនង និងកសាងទំនុកចិត្តគ្រប់កម្រិត។

ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ឱ្យដឹងថា កិច្ចប្រជុំនេះកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបញ្ចប់ទៅដោយជោគជ័យ ដោយភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការអនុវត្តតាមលទ្ធផលនៃកិច្ចប្រជុំពិសេសរបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរនៅម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ជាពិសេសការឯកភាពគ្នាថានឹងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា។
ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាក៏បានបង្ហាញពីសារៈសំខាន់នៃកិច្ចប្រជុំដើម្បីជួយពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិតដើម្បីកសាងទំនុកចិត្ត និង លើកកម្ពស់ភាពជាអ្នកជិតខាងល្អ ដែលតាមរយៈការប្រាស្រ័យទាក់ទងគ្នានេះភាគីទាំងពីរបានសង្កត់ធ្ងន់លើវិវត្តន៍ជាវិជ្ជមាន និងវឌ្ឍនភាពដែលសម្រេចនៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយនឹងគោលបំណងរួមគ្នានៃការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងបញ្ជាក់ដែរថា ក្នុងកិច្ចប្រជុំនេះភាគីទាំងពីរបានឯកភាពគ្នាជាគោលការណ៍ក្នុងការបង្កើតក្រុមការងារសម្របសម្រួល ដើម្បីការទំនាក់ទំនងនៅគ្រប់កម្រិត ដែលរួមបញ្ចូលទាំងថ្នាក់មេបញ្ជាការ ក្រុមការងារទំនាក់ទំនងតាមព្រំដែន កងកម្លាំងឈរជើងតាមតំបន់ព្រំដែន និងអង្គភាពប្រតិបត្តិការតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា ខណៈដែលភាគីទាំងពីរក៏បានពិចារណាអំពីលទ្ធភាពក្នុងការបង្កើតគណៈកម្មាធិការមូលដ្ឋានព្រំដែន ដែលមានការចូលរួមពីស្ថាប័នរដ្ឋ និង ឯកជន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយខ្លឹមសារលម្អិតនឹងត្រូវយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគរវាងប្រទេសទាំងពីរកម្ពុជា និងថៃ ៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វេង លឹមហ៊ួត
