រដ្ឋបាលខេត្តបន្ទាយមានជ័យ ជំទាស់អភិបាលខេត្តស្រះកែវ ដែលសន្យាចេញប័ណ្ណកម្មសិទ្ធិឲ្យពលរដ្ឋថៃ នៅលើទីតាំង ដែលពុំទាន់បានឯកភាពខណ្ឌសីមានៅលើដីជាក់ស្តែងនៅឡើយ

(ភ្នំពេញ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យកម្ពុជា បានប្រកាសជំទាស់ចំពោះ អភិបាលខេត្តស្រះកែវ ថៃ ដែលមានបំណងចង់រំ លោភលើស្មារតីនៃ MOU ឆ្នាំ២០០០ រវាងរាជរដ្ឋាភិបាលកម្ពុជា-ថៃ ដែលនឹងនាំឲ្យប៉ះពាល់ទៅដល់ដំណើរការងារចរចា និងខណ្ឌសីមារបស់គណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ។

ការប្រកាសជំទាស់នេះ បានធ្វើឡើងក្នុងលិខិតមួយ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលចុះហត្ថលេខាដោយអភិបាលខេត្ត ឯកឧត្តម អ៊ុំ រាត្រី នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ និងនៅក្រោយមួយថ្ងៃ បន្ទាប់ពីមានការផ្សព្វផ្សាយមួយរបស់កាសែត The Nation Thailand ដែលបានផ្សាយពាក់ព័ន្ធនឹងការលើកឡើងរបស់អភិបាលខេត្តស្រះកែវ ស្តីពីការសន្យាចេញប័ណ្ណកម្មសិទ្ធឲ្យពលរដ្ឋថៃ ដែលមានសិទ្ធ នៅភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវនោះ ។

នៅក្នុងលិខិតដដែល រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្តែងក្តីព្រួយបារម្ភចំពោះការសន្យារបស់រដ្ឋបាលខេត្តស្រះកែវនោះ ដោយព្រោះតែ ភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ជាទីតាំងដែលមានភូមិសាស្រ្តជាប់នឹងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងដែលពុំទាន់បានឯកភាពខណ្ឌសីមានៅលើដីជាក់ស្តែងនៅឡើយ ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ទៀតថា ក្នុងករណីការចេញប័ណ្ណនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមធ្វើការជំទាស់ ព្រោះនឹងធ្វើឲ្យប៉ះពាល់ដល់តំបន់ទាំងនេះ ដោយសកម្មភាពនេះបានរំលោភលើស្មារតីនៃ MOU ឆ្នាំ២០០០ រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសប៉ះពាល់ទៅដល់ដំណើរការងារចរចា និងខណ្ឌសីមារបស់គណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរផងដែរ ។

ក្នុងសេចក្តីជូនដំណឹងជូនទៅអភិបាលខេត្តស្រះកែវ រដ្ឋបាលខេត្តបន្ទាយមានជ័យបានសរសេរថា «ចំពោះការចេញប័ណ្ណកម្មសិទ្ទជូនប្រជាពលរដ្ឋថៃ នៅលើទឹកដីថៃ គឺជាសិទ្ធិរបស់អាជ្ញាធរថៃ ប៉ុន្តែការចេញប័ណ្ណនេះ មិនត្រូវធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យរបស់កម្ពុជា ឬប៉ះពាល់ដល់តំបន់ដែលគណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) នៃប្រទេសទាំងពីរពុំទាន់បានឯកភាពខណ្ឌសីមានៅលើដីជាក់ស្តែង ឬប៉ះពាល់ដល់តំបន់ដែលប្រជាពលរដ្ឋកម្ពុជាកំពុងកាន់កាប់ និងអាស្រ័យផលឡើយ ។»
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ អភិបាលខេត្តស្រះកែវ សូមឲ្យចូលរួមសហការក្នុងស្មារតីមិត្តភាព និងភាពជាអ្នកជិតខាងល្អ ដើម្បីជៀសវាងបង្កើតភាពតានតឹង និងផលប៉ះពាល់ជាអវិជ្ជមានរវាងភាគីទាំងពីរ ។

សូមបញ្ជាក់ថា យោងតាមក្រសួងការពារជាតិកម្ពុជា ទីតាំងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យនោះ កាលពីថ្ងៃទី១២ និងទី១៣ ខែសីហា កន្លងទៅនេះ ត្រូវកងកម្លាំងប៉ារ៉ាថៃ និងតម្រួតព្រំដែនថៃ ប្រដាប់ដោយអាវុធ បានធ្វើសកម្មភាពចូលមកត្រួតពិនិត្យនៅទល់មុខច្រកជោគជ័យ ដោយបានរាយបន្លាលួស រាយសំណាញ់ និងដាក់កង់ឡានផងដែរ ដែលសកម្មភាពនោះជាការល្មើសនឹងកិច្ចព្រមព្រៀងឈប់បាញ់នៃប្រទេសទាំងពីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។

រាជរដ្ឋាភិបាលកម្ពុជា ជាការឆ្លើយតបនឹងការបំពានពីភាគីថៃនេះ បានប្រើយុទ្ធសាស្រ្តកាទូត និងច្បាប់អន្តរជាតិ ដើម្បីការពារទឹកដីជាតិ និងអធិបតេយ្យភាពរបស់កម្ពុជា ឱ្យកាន់តែរឹងមាំ និងមាំមួន ។ ជាក់ស្តែង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥កន្លងមកនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានដឹកនាំតំណាង ៤២ស្ថានទូតប្រចាំនៅកម្ពុជា និងស្ថានទូតនៅក្រៅប្រទេស ដែលទទួលបន្ទុកលើកិច្ចព្រំដែនកម្ពុជា-ថៃ និងអង្គការអន្តរជាតិចំនួន២០ ចុះទៅដល់ភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យមើលសកម្មភាពទន្ទ្រានកាន់កាប់ដីជាឯកតោភាគីរបស់យោធាថៃ នោះផងដែរ ៕

ដោយ ៖ គង់ សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner