ថ្ងៃទី២៦ ខែសីហា វេលាម៉ោងជាង ៩ព្រឹក កិច្ចប្រជុំ RBC បានចាប់ផ្តើម រវាងយោធភូមិភាគទី៤ កម្ពុជា និង ក្រុមលេខាធិការយោធភូមិភាគទី២របស់ថៃ
(ភ្នំពេញ)៖ ក្រសួងការពារជាតិបានឱ្យដឹងថា នៅវេលាម៉ោង ០៩:២០នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅច្រកព្រំដែនអន្តរជាតិជាំ-សាង៉ាំ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)រវាងយោធភូមិភាគទី៤ កម្ពុជា និង ក្រុមលេខាធិការយោធភូមិភាគទី២ ថៃបានចាប់ផ្តើមបើកកិច្ចប្រជុំហើយដើម្បីរកដំណោះស្រាយ ពីវិបត្តិព្រំដែន រវាងប្រទេសទាំងពីរ។
បើតាមក្រសួងការពារជាតិបានឱ្យដឹងដែរថា សម្រាប់ភាគីកម្ពុជា ក្នុងកិច្ចប្រជុំនេះបាន ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការរបស់យោធភូមិភាគទី៤ កម្ពុជា បានជួបពិភាក្សាការងារជាមួយក្រុមលេខាធិការយោធភូមិភាគទី២ ថៃ ដឹកនាំដោយ វរសេនីយ៍ឯក យុតថៈសាត សេនថៈឆៃ នាយរងសេនាធិការ យោធភូមិភាគទី២។
ប្រភពដដែលនេះបានបញ្ជាក់ថា ភាគីទាំងពីរបានពិភាក្សាត្រួតពិនិត្យការប្រុងប្រៀបសម្រាប់កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងយោធភូមិភាគទី២ ថៃ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ និងសម្រាប់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ស្អែកនេះផងដែរ៕





ដោយ ៖ ម៉ាដេប៉ូ