រដ្ឋមន្រ្តីក្រសួងអប់រំ ណែនាំបច្ចេកទេសដល់គណៈមេប្រយោគ ប្រធានមណ្ឌល និងគណៈកម្មការនានា ពីការប្រឡងបាក់ឌុប

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំស្តីពី ការណែនាំបច្ចេកទេសដល់គណៈមេប្រយោគប្រធានមណ្ឌល និងគណៈកម្មការនានាប្រចាំរាជធានីភ្នំពេញ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៨ សីហា ២០២៥នេះ។
ប្រភពពីក្រសួងអប់រំបានឱ្យដឹងថាកិច្ចប្រជុំ ដែលធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅវិទ្យាល័យព្រះស៊ីសុវត្តិ នេះ ធ្វើឡើងដើម្បីពិនិត្យ និង ណែនាំពីសមាសភាព ប្រធាន អនុប្រធានមណ្ឌល និងមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយទាំងអស់ ដែលទទួលបន្ទុកតាមមណ្ឌលប្រឡងនានាក្នុងរាជធានីភ្នំពេញ , ណែនាំពីបច្ចេកទេស តួនាទី ភារកិច្ច និងផ្តល់អនុសាសន៍សំខាន់ៗ ដល់គណៈមេប្រយោគទាំងអស់ សម្រាប់ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ សំដៅធានាឱ្យបាននូវដំណើរការនៃការប្រឡងប្រកបដោយតម្លាភាព យុត្តិធម៌ ការគោរពតាមគោលការណ៍ច្បាប់ និងលទ្ធផលទទួលយកបាន ស្របតាមពាក្យថា “អ្នកចេះគឺជាប់”។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានទាញការចាប់អារម្មណ៍បន្ថែមពាក់ព័ន្ធនឹងករណីមួយចំនួន ដូចជា៖ (១) សូមពិនិត្យឱ្យបានច្បាស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្រងភារកិច្ចរបស់ ប្រធានមណ្ឌលសំណេរដែលត្រូវទទួលខុសត្រូវចំពោះមុខគណៈកម្មការសំណេរ និងការ ប្រាស្រ័យទាក់ទងជាមួយអាជ្ញាធរ និងការរៀបចំរបាយការណ៍ប្រចាំថ្ងៃ (២) ពិនិត្យមើលការប្រើប្រាស់ទូរស័ព្ទដៃក្នុងមណ្ឌលប្រឡង បង្ការការបែកធ្លាយវិញ្ញាសា កុំឱ្យមានការចម្លង ពង្រឹងយន្តការឆែកបេក្ខជន (៣) ហាមឃាត់មិនឱ្យមានការថតប្រធានវិញ្ញាសាបង្ហោះ ចែកចាយរូបភាពវិញ្ញាសាគ្រប់កាលៈទេសៈ ទោះក្រោយបញ្ចប់ដំណើរការសំណេរ (៤) ប្រុងប្រយ័ត្នពេលវេចខ្ចប់វិញ្ញាសាប្រឡងបេក្ខជន និងសំណៅឯកសារនានាឱ្យបានត្រឹមត្រូវ ដោយនេះជារដូវភ្លៀង ត្រូវត្រៀមឱ្យបានរួចរាល់នូវថង់ផ្លាស្ទិចដើម្បីវេចខ្ចប់បង្ការការទទឹកខូចសំណៅឯកសារជាដើម។

ជាមួយគ្នានេះរដ្ឋមន្រ្តីក្រសួងអប់រំ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើកំណែទម្រង់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលជាផ្នែកមួយដ៏សំខាន់នៃកំណែទម្រង់វិស័យអប់រំកម្ពុជាទាំងមូល ដែលមានគោលដៅចម្បង គឺដើម្បីពង្រឹងធនធានមនុស្សនៅកម្ពុជា ជំរុញឱ្យសិស្សប្រឹងប្រែងរៀនសូត្រ ឯគ្រូក៏ខំប្រឹងបង្រៀន ដ្បិតទាល់តែមានការប្រឡងដែលតឹងរឹង មានតម្លាភាព និងភាពយុត្តិធម៌ ទើបអាចជំរុញឱ្យសិស្សខិតខំប្រឹងប្រែងរៀនពិតប្រាកដ ដូច្នេះកម្ពុជា នឹងទទួលបាននូវធនធានមនុស្សប្រកបដោយគុណភាព ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner