ថ្ងៃនេះនឹងមានបើកកិច្ចប្រជុំ RBC រវាងឧត្តម សេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី ៤កម្ពុជា ជាមួយ មេបញ្ជាការកងទ័ពភូមិភាគទី ២ថៃ ប៊ុនស៊ីន ផាតក្លាង
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថានៅថ្ងៃទី២៧ ខែ សីហា ឆ្នាំ ២០២៥នេះ នឹងមានបើកកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់ យោធភូមិភាគ កម្ពុជា-ថៃ (RBC) នឹងធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិ ជាំស្រង៉ាំ ស្ថិតនៅ ខេត្ត ឧត្តរមានជ័យ។
ក្នុងសេចក្តី សង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី២៧ខែសីហា ឆ្នាំ២០២៥ នេះលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះដែរសម្រាប់គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តម សេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី ៤ និងជាសហប្រធាន នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់ យោធភូមិភាគ(RBC)។ ដោយឡែកគណៈប្រតិភូថៃដឹកនាំដោយឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី ២របស់ថៃ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់ យោធភូមិភាគ (RBC) ។
ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាថ្លែងថា តាមរយៈកិច្ចប្រជុំនេះ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថាកិច្ចប្រជុំនេះនឹងប្រព្រឹត្តិទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀតដែលអនុញ្ញាតឱ្យភាគីទាំងពីរជំរុញដល់ការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ និងនាំមកនូវសន្តិភាព ស្ថិរភាព និងស្ថានភាពប្រក្រតីភាពវិលត្រឡប់មកវិញបានយ៉ាងឆាប់រហ័ស។
គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិបានឱ្យដឹងថាកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៥កន្លងមកក្នុងកិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ របស់កម្ពុជា និងកងទ័ពភូមិភាគទី២ របស់ថៃបានប្រព្រឹត្តទៅរួចមកហើយផងដែរ។ជាលទ្ធផល កិច្ចប្រជុំក្រុមលេខាធិការនេះ បានសម្រេចនូវការរីកចម្រើនជាវិជ្ជមានមួយចំនួនគួរឱ្យកត់សម្គាល់ ក្នុងការត្រៀមរាប់កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់ យោធភូមិភាគ កម្ពុជា-ថៃ (RBC)នេះបន្តទៀត៕
ដោយ ៖ ម៉ាដេប៉ូ





