កម្ពុជា បញ្ជូនការតវ៉ាជាផ្លូវការទៅដល់ភាគីថៃ ប្រឆាំងទៅនឹងការបន្តទន្រ្ទានចូលក្នុងទឹកដីកម្ពុជា ដោយរាយលួសបន្លាព័ទផ្ទះពលរដ្ឋរស់នៅ
(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជាបានបញ្ជូន ការតវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាទៅកាន់សមភាគីថៃ ប្រឆាំងនឹងការបន្តទន្ទ្រានដោយកងទ័ពថៃ ចូលទៅក្នុងតំបន់ព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសតំបន់ដែលប្រជាពលរដ្ឋកម្ពុជា កំពុងរស់នៅ។
ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេសបានបញ្ជាក់ថា នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៤:២០នាទី យោធាថៃនៅតែបន្តសកម្មភាព ដាក់លួសបន្លាបន្ថែមទៀតលើទីតាំងថ្មីចំនួន២ នៅនិយាមការ WGS84-1522936, 251488 និង WGS84-1522981, 251488 ស្ថិតនៅចម្ងាយប្រមាណ ១០០ ម៉ែត្រ និង ៨០ម៉ែត្រ ពីទីតាំងដែលយោធាថៃបានដាក់លួសបន្លា សំណាញ់របាំង និងកង់រថយន្ត កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៥ ត្រង់ចន្លោះបង្គោលព្រំដែនលេខ ៤៦-៤៧ ក្នុងមូលដ្ឋានភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សេចក្តីថ្លែងការណ៍ដដែលនេះបានលើកឡើងថា៖សកម្មភាពបន្តទន្ទ្រានកាន់កាប់ជាឯកតោភាគីដោយកម្លាំងយោធាថៃ តាមវិធីដាក់លួសបន្លា នៅផ្នែកព្រំដែនដែលបានរៀបរាប់ខាងលើ កំពុងធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែង ក៏ដូចជាការ ប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទាំងពីរ ក្នុងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ដែលបានឯកភាពគ្នា ពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ កំណត់ហេតុកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ពីថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៥ និងលទ្ធផលកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការ ព្រំដែនភូមិភាគ(RBC)កម្ពុជា-ថៃ ពិសេសត្រង់ចំណុច៖
-«ភាគីទាំងពីរបានព្រមព្រៀងគ្នាមិនធ្វើសកម្មភាពបង្កហេតុ ដែលអាចបង្កើនភាពតានតឹង រួមទាំងសកម្មភាពយោធា ចូលទៅក្នុងលំហអាកាស និងទឹកដី ឬទីតាំង របស់ភាគីម្ខាង ទៀត គិតចាប់ពីពេលឈប់បាញ់ចូលជាធរមាននៅម៉ោង ២៤:០០ (ម៉ោងក្នុងតំបន់) នៅ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥”។
-«ភាគីទាំងពីរបានព្រមព្រៀងគ្នាមិនពង្រីកវិសាលភាព និងទំហំនៃជម្លោះ រួមមានទាំង សកម្មភាពបង្កហេតុ ដែលអាចធ្វើឱ្យភាពតានតឹងកើនឡើង”។
ជាមួយគ្នានេះសេចក្តីថ្លែងការណ៍ក៏បានថ្កោលទោសផងដែរថា ការប៉ុនប៉ងរបស់ភាគីណាមួយក្នុងការធ្វើខណ្ឌសីមាព្រំដែនជាឯកតោភាគី តាមរយៈការប្រើប្រាស់មធ្យោបាយយោធា គឺផ្ទុយនឹងស្មារតីនៃអនុស្សារណៈយោគយល់គ្នាឆ្នាំ ២០០០។ ការប៉ុនប៉ងបែបនេះមិនត្រឹមតែរំលោភលើអាណត្តិការងាររបស់គណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប៉ះពាល់ទៅដល់កិច្ចប្រឹងប្រែង និងដំណើរការចរចារបស់ JBC នៃភាគីទាំងពីរផងដែរ។ ដោយឡែក សកម្មភាពបែបនេះគឺជាការបំពានលើគោលការណ៍ និងគោលបំណង ដែលចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍។
ជាមួយគ្នានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តឥតប្រែប្រួល របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយស្មារតីមិត្តភាព ចំពោះជម្លោះ ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដោយបន្តរក្សាការ ប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ប្រកាន់នូវជំហរជាគោលការណ៍របស់ខ្លួនថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរ តាមរយៈការប្រើកម្លាំងនោះទេ៕
ដោយ ៖ម៉ាដេប៉ូ
រូបភាព ៖ លោក វ៉េង លឹមហួត

