ស៊ុយអែតប្រាប់ ថៃ ប្រើយន្តហោះចម្បាំង Gripen ទុកការពារខ្លួន តែ មិនគួរជំរុញភាពតានតឹង ជាមួយកម្ពុជា

ស្តុកខុល ៖ ប្រទេស ស៊ុយអែត ដែលទើបស៊ីញ៉េ យល់ព្រមលក់យន្តហោះចម្បាំង ៤គ្រឿង ឲ្យថៃ បានផ្តាំប្រាប់ ទៅរដ្ឋាភិបាលទីក្រុងបាងកក ថា ប្រើទុកការពារខ្លួន តែមិនគួរ ជំរុញឲ្យមានភាពតាងតឹង ជាមួយកម្ពុជា នោះទេ។

បន្ទាប់ពីចុះហត្ថលេខា លើកិច្ចព្រមព្រៀងទិញ Gripen កាលពីថ្ងៃទី២៥ ខែសីហា រដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក Pal Jonson បាននិយាយថា ប្រទេសថៃ មានសិទ្ធិធ្វើប្រតិបត្តិការយន្តហោះចម្បាំង Gripen សម្រាប់ការពារខ្លួន តែ ត្រូវស្ថិតក្រោមច្បាប់អន្តរជាតិ។ លោកក៏ជំរុញឲ្យ ថៃ បន្ធូរបន្ថយភាពតានតឹង ជាមួយកម្ពុជា ហើយ អនុញ្ញាតឱ្យគណៈកម្មាធិការសង្កេតការណ៍អាស៊ាន ជួយកាត់បន្ថយ ការប៉ះទង្គិចគ្នា រវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ ស៊ុយអែត ដែលជាប្រទេសសមាជិក ណាតូ មួយនេះ ត្រូវបានជំរុញឱ្យមានការពិនិត្យឡើងវិញ នូវបទប្បញ្ញត្តិលក់សព្វាវុធ ដែលចែងថា ប្រទេសនេះ ត្រូវតែអព្យាក្រឹត្យ ឬ ឈរនៅកណ្តាល។

គួរបញ្ជាក់ថា យន្តហោះចម្បាំង Gripen E បីគ្រឿង និងយន្តហោះ Gripen F មួយគ្រឿង ផលិតដោយក្រុមហ៊ុនការពារជាតិស៊ុយអែត Saab លក់ឲ្យថៃ ក្នុងតម្លៃ ៥៥០ លានដុល្លារអាមេរិក ហើយ គ្រោងនឹងផ្គត់ផ្គង់ដល់ទីក្រុងបាងកក នៅចន្លោះ ឆ្នាំនេះ ដល់ឆ្នាំ២០៣០ ហើយ ក៏មានជាមួយនឹងឧបករណ៍ពាក់ព័ន្ធ ជំនួយ និងការបណ្តុះបណ្តាលផងដែរ៕

ប្រភព The Nation, Breakingdefense ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner