កូរ៉េខាងត្បូងជះលុយ ជាង៥០ពាន់លានដុល្លារ ទិញយន្តហោះ និងសម្ភារៈពី Boeing ផ្គាប់ចិត្តលោក Trump

វ៉ាស៊ីងតោន ៖ កូរ៉េខាងត្បូងបានជះលុយ ចំនួនជាង៥០ពាន់លានដុល្លារអាមេរិក ដើម្បី ទិញយន្តហោះ និងសម្ភារៈពី ប៊ូអ៊ីង ដើម្បីផ្គាប់ចិត្តលោក Trump ជុំវិញសង្គ្រាមពន្ធគយ។

អំឡុងពេលប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានហោះទៅជួប លោកប្រធានាធីបតីអាមេរិក Donald Trump ដល់សេតវិមាន កាលពីថ្ងៃទី២៥ ខែសីហា ក្រុមហ៊ុនអាកាសចរណ៍កូរ៉េ Korean Air បានប្រកាស ពីការបញ្ជាទិញ យន្តហោះ Boeing ចំនួន ១០៣គ្រឿង រួមមាន Boeing 787, Boeing 777 និង Boeing 737 តម្លៃ សរុប ៣៦.៥ពាន់លានដុល្លារអាមេរិក។ ជាមួយគ្នានេះដែរ Korean Air ក៏បញ្ជាទិញ ម៉ាស៊ីនយន្តហោះ ពីក្រុមហ៊ុនអាមេរិក GE Aerospace រួមជាមួយនឹងកញ្ចប់ថែទាំម៉ាស៊ីនយន្តហោះ ដែលមានតម្លៃ ១៣.៧ ពាន់លានដុល្លារអាមេរិក។

នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Korean Air លោក Cho Won-tae បានប្រាប់ថា ការបញ្ជាទិញបំបែកកំណត់ត្រា ក្នុងប្រវត្ថិសាស្ត្រ បែបនេះ នឹងជួយក្រុមហ៊ុនអាកាសចរណ៍កូរ៉េដ៏ធំបំផុត មួយនេះ ពង្រីកទៅកាន់គោលដៅ ជាច្រើនទៀត នៅសហរដ្ឋអាមេរិក, អាមេរិកឡាទីន និងអាមេរិកខាងត្បូង។

ទាំង ក្រុមហ៊ុន Boeing និង មន្ត្រីរដ្ឋាភិបាលអាមេរិក បានអះអាងថា កិច្ចព្រមព្រៀងនេះ នឹងជួយក្រុមហ៊ុន Korean Air ធ្វើប្រតិបត្តិការ កាន់តែពេញលេញ និងកាន់តែមាន ប្រសិទ្ធភាពបំផុត នៅពិភពលោក។

យ៉ាងណាមិញ មានប្រទេសជាច្រើន ដែលចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយរដ្ឋបាលរបស់លោក Trump បានប្រកាស ឬ គ្រោងនឹងប្រកាស ពីការបញ្ជាទិញយន្តហោះ ពីក្រុមហ៊ុនអាមេរិក មួយនេះ ក្នុងនោះ ក្រុមហ៊ុន Boeing ទទួលបានការបញ្ជាទិញធំៗ ជាច្រើន ក្នុងរយៈពេល ប៉ុន្មានខែ ថ្មីៗនេះ៕

ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner