ក្រសួងសុខាភិបាល អំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធចូលរួមសហការកាត់​បន្ថយការ​នាំចូល និងប្រើប្រាស់សម្ភារៈដែលមានផ្ទុកសារធាតុ អាបេស្តុស

(ភ្នំពេញ)៖ ស្ថាប័នពាក់ព័ន្ធទាំងអស់ សូមចូលរួមសហការកាត់បន្ថយការនាំចូល និង​ប្រើប្រាស់សម្ភារៈដែលមានផ្ទុកសារធាតុអាបេស្តុស ជាពិសេសសម្ភារៈ​សំណង់​ប្រើ​ប្រាស់​ប្រចាំថ្ងៃ ដែលអាចនាំឱ្យមានហានិភ័យខ្ពស់ដល់សុខភាពប្រជាជន។

ផលប៉ះពាល់សារធាតុអាបេស្តុស ដែលសារធាតុទាំងនេះនឹងបណ្តាលឱ្យ​កើត​ជំងឺ​មហារីកខ្ពស់ ដូចជា មហារីកសួត ផ្លូវដង្ហើមធ្ងន់ធ្ងរបំផុត។ ដូចនេះ ត្រូវចូល​រួមគ្នា​ស្វែងយល់បន្ថែមពីសារៈសំខាន់ក្នុងការរកវិធាន ការពារយ៉ាងម៉ឹងម៉ាត់បំផុត ។ ទន្ទឹមនេះ ក្រសួងសុខាភិបាល បានលើកទឹកចិត្តយ៉ាងខ្លាំង ដល់ការប្រើប្រាស់សម្ភារៈ ជំនួយឱ្យសម្ភារៈអាបេស្តុស និងស៊ីលីការនេះ ក្នុងជំហរក្រសួងដែលគិតគូរពីលើក​កម្ពស់សុខុមាលភាពប្រជាជន ក្នុងការកាត់បន្ថយអត្រាព្យាបាល ។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងអំពាវនាវ​ដូចនេះ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ក្នុងពិធីបើកសិក្ខាសាលាបណ្តុះ​បណ្តាល ស្តីពីការធ្វើឱ្យប្រសើរឡើងនូវការធ្វើរោគវិនិច្ឆ័យ និងការឆ្លើយតបចំពោះ​ជំងឺមហារីកដោយសារធាតុអាបេស្តុស និងធូលី ។

ឯកឧត្តមសាស្រ្តាចារ្យ បានសង្កត់ធ្ងន់ថា សារធាតុអាបេស្តុស និងស៊ីលីកា នឹងសម្លាប់​ជីវិតមនុស្ស ក្នុងរយៈពេលយូរបំផុត ហើយឈានដល់ករណីជំងឺមហារីក។ នៅពី​ក្រោយ​នៃជំងឺមហារីក នឹងមានគ្រួសាររងគ្រោះ ដែលត្រូវបានបំផ្លាញ​ទាំងស្រុង​ផង​ដែរ។

ឯកឧត្តមសាស្រ្តាចារ្យសង្ឃឹមថា សិក្ខាសាលានិងវគ្គបណ្តុះបណ្តាលជំនាញនេះ គឺជា​ការសហការរវាង ក្រសួងពាក់ព័ន្ធ នៅក្នុងប្រទេសកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី ដើម្បីពិភាក្សា និងចូលរួមចែករំលែកនូវចំណេះដឹងបន្ថែមទៅលើឯកទេស​ដែល​កំពុង​អនុវត្តនាពេលបច្ចុប្បន្ន ហើយរៀបចំជាកម្រងព័ត៌មានជាតិអំពីសារធាតុអាបេស្តុស និងផែនការមេសុខភាពសុវត្ថិភាពការងារ ដែលមានផែនការសកម្មភាព​ថ្នាក់ជាតិ​សម្រាប់សារធាតុអាបេស្តុស (ឆ្នាំ២០២៣ ដល់ ២០២៧)។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណ ចំពោះការគាំទ្រទៅលើផលប៉ះ​ពាល់ពីរដ្ឋាភិបាលប្រទេសអូស្ត្រាលី និងសូមអរគុណយ៉ាងជ្រាលជ្រៅដល់អ្នកជំនាញ​ឯកទេសទាំងអស់អញ្ជើញមកពីប្រទេសអូស្ត្រាលី ដែលបានចំណាយពេលវេលា​ដ៏មានតម្លៃ ដើម្បីចូលរួមសិក្ខាសាលាបណ្តុះបណ្តាល និងចែករំលែកចំណេះដឹងដល់​អ្នក​ជំនាញ និងក្រុមគ្រូពេទ្យនៅប្រទេសកម្ពុជា៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner