ផ្លូវលេខ ៣៧០ប្រវែងជិត ៣០គម កំពុងដំណើរការជួសជុល និងតម្លើងភ្លើង​សូឡា​បំភ្លឺ ជូន​ប្រជាពលរដ្ឋប្រើប្រាស់

(ភ្នំពេញ)៖ ការដ្ឋានជួសជុលផ្លូវ៣៧០ មានប្រវែងសរុប២៩ ៥១៧ ម៉ែត្រភ្ជាប់​ពីផ្លូវ​ជាតិលេខ៧ នៃក្រុងសួង ឆ្លងកាត់ភូមិសាស្រ្តស្រុកត្បូងឃ្មុំ មកដល់ផ្លូវជាតិលេ​ខ១១ ផ្សារអូររាំងឪ ស្រុកអូររាំងឪ បានកំពុងដំណើការ ក្រោមការគ្រប់គ្រងនិងថែទាំ​ដោយ​ក្រសួងអភិវឌ្ឍន៍ជនបទ។

កន្លងមក ក្រសួងអភិវឌ្ឍន៍ជនបទធ្វើការជួសជុល ផ្លូវនេះ ដោយមានវឌ្ឍនភាពជានិច្ច គឺបានចាក់កៅស៊ូ រួចរាល់សរុបជាង៥០%រួចហើយ។ បច្ចុប្បន្នការដ្ឋានជួសជុលផ្លូវ ក៏កំពុងតែប្រព្រឹត្តទៅយ៉ាងសកម្មផងដែរ នៅក្នុងមូលដ្ឋានស្រុកអូរាំងឪ ដែលមានការ​ឆ្លងកាត់ឃុំចំនួន៤ រួមមានឃុំដំរិល ទួលសូភី ចក និងគងជ័យ ប្រវែងជាង ២០ ០០០ ម៉ែត្រ។ រដ្ឋបាលស្រុកអូររាំងឪ លើកឡើងថា ការដ្ឋានជួសជុលផ្លូវលេខ៣៧០ ក្នុងភូមិសាស្រ្តរបស់ខ្លួន បាននិងកំពុងដំណើរការទៅមុខជានិច្ច ក្នុងប្រវែងជាង១០ ០០០ ម៉ែត្រ ក្នុងនោះកំណាត់ផ្លូវ ប្រវែងជាង ៤០០០ម៉ែត្រ ចេញពីឃុំទូសូភី មកឃុំ​គងជ័យ បានលទ្ធផលប្រមាណ៨៥%រួចហើយ។ ដោយឡែក​ដំណើរការ​ជួសជុល ដំណាក់កាលទីពីរ លើកំណត់ផ្លូវនៅសល់ប្រវែងប្រមាណ ៦ ០០០ ម៉ែត្រទៀត ចេញ​ពីឃុំគងជ័យ ឆ្ពោះមកភ្ជាប់ផ្លូវជាតិលេខ៧ ទីប្រជុំជនស្រុកអូររាំងឪ ក៏នឹងចាប់ផ្តើម​នៅ​ក្នុងខែតុលាខាងមុខដែរ។ គម្រោងដែលនៅសល់នេះ ក្រសួងអភិវឌ្ឍន៍ជនបទនឹង​បញ្ចប់​នៅដើមឆ្នាំ២០២៦។

រដ្ឋបាលស្រុកអូររាំងឪ សូមធ្វើការបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា កន្លងមកមាន​ការ​ផ្សព្វ​ផ្សាយព័ត៌មាន មិនពិតទាក់ទងនឹងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តី​រាជការ មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានសហការ និងគាំទ្រដល់ដំណើរជួសជុលផ្លូវ៣៧០ នេះ ដែលសម្រាប់ជាប្រយោជន៍ដល់ការដឹក​ជញ្ជូនកសិផល ការធ្វើដំណើរ និងការបង្កើនសេដ្ឋកិច្ចមូលដ្ឋានបស់ប្រជាពលរដ្ឋ។ រដ្ឋបាលស្រុកសូមបដិសេធថា គម្រោងជួសជុលកំណាត់ផ្លូវ ដែលត្រូវជួសជុលបន្ថែ​ម​ប្រវែង៦០០០ ម៉ែត្រ គឺមានក្នុងគម្រោងដែលនឹងចាប់ផ្តើមដំណើរ ជាបន្តបន្ទាប់​ឆាប់ៗ​នាពេលខាងមុខ។ សូមបញ្ជាក់ថាកំណាត់ផ្លូវនេះ បានរងការខូចខាត ដោយសារ​ទឹកភ្លៀង និងការដឹកជញ្ជូនធ្ងន់ៗ នាពេលកន្លងមក។ ប៉ុន្តែទោះជា​យ៉ាងណា ​កំណាត់ផ្លូវ​ដែលខូចខាត ត្រូវ​បាន​ក្រុមបច្ចេកទេសបានលើកជាគម្រោង​ជួសជុលរួចហើយ។ ដំណើរការដ្ឋានជួសជូលកំណាត់ផ្លូវនេះ នឹងធ្វើឡើងក្នុងអំឡុង ខែតុលា ឆ្នាំ២០២៥ និងបញ្ចប់នៅដើមឆ្នាំ២០២៦។

ជាមួយគ្នានេះ រដ្ឋបាលស្រុកអូររាំងឪ តាមរយៈក្រុមការងាររាជរដ្ឋាភិបាល ចុះមូល​ដ្ឋាន​ខេត្តត្បូងឃ្មុំ ក្រុមការងារចុះមូលដ្ឋាន ស្រុកអូររាំង ដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះ​មូលដ្ឋានខេត្តត្បូងឃ្មុំ បាននាំយកអំពូលសូឡា ចំនួន៦១៤ ដើម ដែលជាអំណោយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីតម្លើងជូនប្រជាពលរដ្ឋ សម្រាប់បំភ្លឺតាមបណ្តោយផ្លូវលេខ៣៧០នេះ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា បង្គោលភ្លើងសូឡាបំភ្លឺផ្លូវ គឺជា «ភ្លើងទេវតា»​ ដែលដើរដោយថាមពលពន្លឺព្រះអាទិត្យ ជូនប្រជាពលរដ្ឋ នៅតាម​មូលដ្ឋានក្នុងខេត្តត្បូងឃ្មុំ នាពេលនេះ ពិតជាការចូលរួមចំណែក ជួយអភិវឌ្ឍ​នៅមូលដ្ឋាននានា សំដៅឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ក្នុងការលើកកម្ពស់​ជីវភាព របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយ និងយុទ្ធ​សាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា រដ្ឋបាលស្រុកអូររាំងឪ បានតម្លើងបង្គោលភ្លើងសូឡា តាមបណ្តោយ​ផ្លូវលេខ៣៧០ ជាបណ្តើរៗរួចហើយ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋបាន​សាទរ​យ៉ាង ខ្លាំង ចំពោះសមិទ្ធផលថ្មីលើទឹកដីខេត្តត្បូងឃ្មុំ ដែលជាការយកចិត្តទុកដាក់ លើសុខ ទុក្ខនិងកាត់បន្ថយការលំបាក របស់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋានទាំងអស់ របស់ អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner