អភិបាលខេត្តកំពត លើកទឹកសិស្សប្រឡងបាក់ឌុបឆ្នាំនេះឱ្យខិតខំដើម្បីទទួលបាននិទ្ទេសល្អបំផុតកើនឡើង

កំពត៖ជាមួយនឹងការបើកព្រឹត្តិការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំសិក្សា២០២៤-២០២៥​អភិបាលខេត្តកំពតបានលើកទឹកចិត្តដល់បេក្ខជនប្រឡងទាំងអស់ ឱ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់​អស់ពី​សមត្ថភាព​ដើម្បីទទួលបាននូវលទ្ធផលល្អ ពិសេសទទួលបាននិទ្ទេស អេ(A )ច្រើនជាងឆ្នាំមុន។

មានវត្តមានកាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងឱកាសកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖២៨សីហា នៅមណ្ឌលប្រឡងវិទ្យាល័យមិត្តភាព កម្ពុជា-ជប៉ុន កំពតក្រុង(កើត) និងមណ្ឌលប្រឡងវិទ្យាល័យមិត្តភាព កម្ពុជា-ជប៉ុន កំពតក្រុង(លិច) ឯកឧត្តម ម៉ៅ ធនិន បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ ត្រូវខិតខំប្រឡងដោយប្រើ​ប្រាស់​សមត្ថភាពរបស់ខ្លួនឱ្យអស់ ព្រោះការប្រឡងពេលបច្ចុប្បន្ន គឺប្រកានភ្ជាប់នូវគោលការណ៍ “អ្នកចេះ គឺជាប់” ។

ឯកឧត្តម ម៉ៅ ធនិន បានបន្ថែមថា បេក្ខជនទាំងអស់ ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការប្រឡងឆ្នាំនេះ ដើម្បីទទួលបានទិន្ទេសល្អៗគ្រប់ៗគ្នា ពិសេសយកឱ្យបាននិទ្ទេស A ឱ្យបានច្រើនជាងឆ្នាំមុន ព្រោះអ្នកដែល​ប្រឡងបាននិទ្ទេស A ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តផ្តល់ជារង្វាន់ និងអាហារូបករណ៍​ជាច្រើនសម្រាប់ការ​សិក្សាបន្ត។ ដោយឡែកខេត្តកំពត ថ្នាក់ដឹកនាំទាំងអស់ក៏មានការលើកទឹកចិត្ត ដូចជាផ្តល់នូវរង្វាន់សម្រាប់សិស្ស​ដែលបានប្រឡងជាប់និទ្ទេស A ក្នុងខេត្តផងដែរ។

គួររំលឹកដែរថា កាលពីឆ្នាំសិក្សា២០២៣-២០២៤ ខេត្តកំពតមានសិស្សប្រឡងទទួលបាននិទ្ទេស A ចំនួន ៧៨នាក់ ក្នុងចំណោមសិស្សនិទ្ទេស A ចំនួន ២.២១៦នាក់នៅទូទាំងប្រទេស។

លោក សូ ភារិទ្ធ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត បានឱ្យដឹងថាសម័យប្រឡង៖ ២៨ សីហា ២០២៥ ខេត្តកំពតមានមណ្ឌលប្រឡង ១០មណ្ឌល ស្មើ ២១៥បន្ទប់ ។មានបេក្ខជនសរុប ៥.៣១៧នាក់ (ស្រី ២.៩៩៥នាក់) ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន ៣មណ្ឌល ស្មើ៥៥បន្ទប់ មានបេក្ខជនសរុប ១.៣៤៤នាក់( ស្រី៨៥៨នាក់)។ ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ៧មណ្ឌល ស្មើ ១៦០បន្ទប់និង បេក្ខជនសរុប ៣.៩៧៣នាក់( ស្រី ២.១៣៧នាក់)៕ដោយ៖ សិលា សារិន

ads banner