សម្ដេចតេជោ ហ៊ុន សែន លើកឡើងជាអនុសាសន៍ឱ្យមីយ៉ាន់ម៉ា ខិតខំរៀបចំផែនទី​ចង្អុល​ផ្លូវ (Road map) ជំរុញការបោះឆ្នោតឱ្យបានលេច​ចេញជារូបរាង​ទៅតាម​ផែនការ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន លើកឡើងជាអនុសាសន៍ឱ្យមីយ៉ាន់ម៉ា ខិតខំ រៀបចំផែនទីចង្អុលផ្លូវ (Road map) ជំរុញការបោះឆ្នោតឱ្យបានលេចចេញ​ជារូប​រាងទៅតាមផែនការ ដោយសារការសម្រេចចិត្តរបស់ប្រជាជនមីយ៉ាន់ម៉ា​នៅក្នុងការ​បោះឆ្នោត គឺកត្តាសំខាន់បំផុត ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធាន​គណបក្ស​ប្រជាជនកម្ពុជា ថ្លែងដូចនេះ កននុងឱកាសអញ្ជើញទទួលស្វាគមន៍ឯកឧត្តម U Khin Yiប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា (USDP) ចូល​ជួប​សម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ នៅ​ល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ។

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម U Khin Yi និង​គណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅ​កម្ពុជា ជាលើក​ទី២ បន្ទាប់ពីការមកចូលរួមកិច្ចប្រជុំ ICAPP លើកទី១២ នៅរាជធានីភ្នំពេញ កាលពី​ឆ្នាំ២០២៤កន្លងទៅ។ សម្តេចបានបន្តថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម U Khin Yi លើកនេះ មានលក្ខណៈពិសេស ដោយសារវានឹងរួមចំណែកពង្រឹងទំនាក់​ទំនង​រវាងគណបក្ស និងគណបក្ស។

នាឱកាសជំនួបនេះ ឯកឧត្តម U Khin Yi បានលើកឡើងថា ឯកឧត្តមតែងតែ​ព្យាយាម​រកឱកាស ដើម្បីពង្រឹងទំនាក់ទំនងជាមួយសម្តេច ដែលជាថ្នាក់ដឹកនាំ​ពោរពេញទៅដោយបទពិសោធន៍ និងបានដឹកនាំអភិវឌ្ឍប្រទេស និងគណបក្ស។

ជាមួយគ្នានេះ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សសម្បូរទៅដោយធនធានមនុស្ស និងបានបញ្ជា​ក់ពីការត្រៀម​លក្ខណៈក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ រួមទាំងរវាងយុវជន និងយុវជនផងដែរ ។

ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តម U Khin Yi បានជម្រាបជូនអំពីការវិវត្ដ​សភាពការ​ណ៍ និងគម្រោងនៃការរៀបចំការបោះឆ្នោតនៅមីយ៉ាន់ម៉ា នៅចុងឆ្នំា២០២៥នេះ ព្រម​ទាំង គោរពអញ្ជើញសម្តេចតេជោ បំពេញទស្សនកិច្ចសាជាថ្មី នៅមីយ៉ាន់ម៉ា នៅពេលសមស្របខាងមុខ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ឆ្នាំ២០២៥ គឺជាខួប​៧០ឆ្នាំ នៃចំណងការទូតរវាងកម្ពុជា-មីយ៉ាន់ម៉ា ដែលជាទំនាក់ទំនងមួយដ៏ចាស់ទុំ។ ការចុះ MoU ពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ នឹងរួមចំណែកពង្រឹង​ទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៅលើក្របខណ្ឌទ្វេភាគី និងពហុភាគី ដែល​ភាគី​ទាំងពីរមាន។

នៅក្នុងស្មារតីនេះ សម្តេចតេជោ បានចែករំលែកអំពីប្រវត្តិនៃការកសាងគណបក្ស ការ​ពង្រឹងរចនាសម្ព័ន្ធរបស់គណបក្ស និងការខិតខំធ្វើសកម្មភាពរបស់គណបក្ស តាមរយៈការផ្សារភ្ជាប់ និងឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍរបស់ប្រជាពលរដ្ឋ ដើម្បី​បង្កើនភាពប្រៀបនៅក្នុងការប្រកួតប្រជែងបោះឆ្នោតនៅក្នុងលម្ហប្រជាធិបតេយ្យនៅកម្ពុជា។

ជាមួយគ្នានេះ សម្តេចតេជោ បានលើកឡើងអំពីការផ្ទេរអំណាចដោយជោគជ័យ បន្ទាប់​ពីការបោះឆ្នោត ជូនថ្នាក់ដឹកនាំថ្មី ដែលនេះមិនត្រឹមតែជាការផ្ទេរថ្នាក់ដឹកនាំ​ប៉ុណ្ណោះទេ ប៉ុន្តែវាជាការផ្ទេរជំនាន់ថ្នាក់ដឹកនាំនៅកម្ពុជាតែម្តង។ ដូចនេះ ការយក​ចិត្តទុកដាក់ទៅលើយុវជនគឺជាកិច្ចការសំខាន់។

នៅក្នុងបរិបទនេះ សម្តេចតេជោបានលើកឡើងជាអនុសាសន៍ឱ្យមីយ៉ាន់ម៉ា ខិតខំ​រៀបចំ ផែនទីចង្អុលផ្លូវ (Road map) ជំរុញការបោះឆ្នោតឱ្យបានលេច​ចេញជា​រូបរាង ទៅតាមផែនការ ដោយសារការសម្រេចចិត្តរបស់ប្រជាជនមីយ៉ាន់ម៉ា​នៅក្នុង​ការបោះឆ្នោត គឺកត្តាសំខាន់បំផុត។

សម្តេចតេជោ បានទទួលយកការអញ្ជើញរបស់ឯកឧត្តម U Khin Yi ទៅបំពេញ​ទស្សនកិច្ច​នៅ​ប្រទេសមីយ៉ាន់ម៉ា ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា នៅ​ពេលខាងមុខ និង ជូនពរឯកឧត្តម U Khin Yiនិងគណៈប្រតិភូ ទទួលបាននូវ​ភាព​រីករាយក្នុងការស្នាក់នៅប្រទេសកម្ពុជា ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner