អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជា-ថៃ មានកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគ (RBC) ចំនួន ៤ រួចមកហើយ ដែលមានលទ្ធផលល្អប្រសើរ
(ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងក្នុងនៅក្នុងឱកាសធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ដែលធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ថា យើងមានកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ចំនួន ០៤ រួចមកហើយ ដែលមានលទ្ធផលល្អប្រសើរ ហើយបានបង្ហាញ ពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ក្នុងការជជែកគ្នា និងដោះស្រាយបញ្ហា ដើម្បីបន្ធូរបន្ថយភាពតានតឹង និងបញ្ចៀសការផ្ទុះអាវុធជាថ្មី។
អ្នកនាំពាក្យដដែលបានបន្តថា បន្ថែមពីលើនេះ ថ្នាក់ដឹកនាំ កម្ពុជា ថៃ និងម៉ាឡេស៊ី តែងតែទំនាក់ទំនងគ្នាជាបន្តបន្ទាប់ ដើម្បីជជែកដោះស្រាយបញ្ហានានា ក្នុងន័យបញ្ចៀសភាពតានតឹង ដើម្បីរក្សាបទឈប់បាញ់ឱ្យបានស្ថិតនៅជាធរមាន ។
ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា ទាំងនេះ បង្ហាញពីការខិតខំរបស់ភាគីទាំងពីរ ដែលផ្តល់តម្លៃដល់បទឈប់បាញ់ និងការអត់ធ្មត់របស់គ្រប់ភាគីទាំងអស់ ជាពិសេស ការអត់ធ្មត់របស់ថ្នាក់ដឹកនាំយើង ដែលតែងតែចាត់ទុកសន្តិភាព និងសេចក្ដីសុខរបស់ប្រជាពលរដ្ឋ ជាអាទិភាពចម្បងបំផុត ៕
អត្ថបទ ៖ វណ្ណលុក
រូប ៖ វ៉េង លីមហួត
