សហរដ្ឋអាមេរិក បញ្ជាក់ជំហគាំទ្រ និង​បន្តយកចិត្តទុកដាក់តាមដានលេីការងារ​បទឈប់បាញ់​រវាងកម្ពុជា-ថៃ ឱ្យ​វិលទៅរកសន្តិភាព​ និង​ស្ថិរភាពឡេីងវិញ​

(ភ្នំពេញ)៖ គណៈប្រតិភូសភាអាមេរិក បានគូសបញ្ជាក់ថា ​សហរដ្ឋអាមេរិក បញ្ជាក់ជំហក្នុងគាំទ្រ និង​បន្តយកចិត្តទុកដាក់តាមដានលេីការងារ​បទឈប់បាញ់​រវាងកម្ពុជា-ថៃ ឱ្យ​វិលទៅរកសន្តិភាព​ និង​ស្ថិរភាពឡេីងវិញ ។ ការបញ្ជាក់របស់គណៈប្រតិភូសភាអាមេរិក ដឹកនាំដោយ លោកជំទាវ Beth Van Duyne សមាជិកសភាប្រចាំរដ្ឋ Texas រួមនឹង​ឯកឧត្តម​វេជ្ជបណ្ឌិត​Richard McCormick សមាជិក​សភាប្រចាំរដ្ឋ Georgia និង​ឯកឧត្តម​ Suhas Subraanyam សមាជិក​សភា​ប្រចាំរដ្ឋ​ Virginia ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នារសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ។

ក្នុងឱកាសនៃជំនួបនេះ លោកជំទាវ Beth Van Duyne បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយ សម្ដេចបវរធិបតី ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អត្រាអតិផរណាទាប ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានទសវត្សនេះ។

លោកជំទាវបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវគោលនយោបាយសំខាន់ៗ ដើម្បីទាក់ទាញវិនិយោគិនបរទេស។ លោកជំទាវបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ជាពិសេសលើវិស័យពាណិជកម្ម និងវិនិយោគ។

ជាមួយគ្នានេះ លោកជំទាវ ក៏បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់លោកជំទាវ ដើម្បីចូលរួមចំណែកដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។

ជាការឆ្លើយតប, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះលោកជំទាវ និងគណៈប្រតិភូដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកជំទាវ នឹងកាន់តែជួយជំរុញបន្ថែមទៀត នូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ របស់កម្ពុជា-អាមេរិក ។

សម្តេចបវរធិបតីបានសង្កត់ធ្ងន់ថា កំណើនសេដ្ឋកិច្ចដែលកម្ពុជាសម្រេចបាន នាពេលកន្លងមក គឺដោយសារការរក្សាបានសន្តិភាព និងស្ថិរភាព ។ សម្ដេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ជូនលោកជំទាវថា កម្ពុជា ថ្លែងអំណរគុណ ចំពោះ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃបានឆាប់រហ័ស។ បទឈប់បាញ់នេះ បានជួយសង្រ្គោះអាយុជីវិតជាច្រើននាក់។ ហេតុនេះហេីយ​បាន​កម្ពុជា ​ស្នេី ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump សម្រាប់​ពានរង្វាន់​ណូបែលសន្តិភាព​ ដែលស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះឯកឧត្តម ប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញឱ្យមានបទឈប់បាញ់នេះ ។

ជាមួយគ្នានេះ សម្ដេចបវរធិបតីក៏បានថ្លែងអំណរគុណរដ្ឋាភិបាលអាមេរិក ដោយបានសម្រេចទម្លាក់អត្រាពន្ធលើការនាំចូលទំនិញកម្ពុជា មកនៅត្រឹម១៩% នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសរំលេចពីគោលនយោបាយ និងការដាក់ចេញ នូវការកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជា ការធ្វើសម្រួលនីតិវិធី នៃការចុះបញ្ជីវិនិយោគឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន ការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជន ការដាក់ចេញនូវគោលនយោបាយការវិនិយោគជាក់ស្ដែង ក៏ដូចជា កញ្ចប់វិធានការលើកទឹកចិត្តនានា សំដៅទាក់ទាញវិនិយោគិនបរទេសមកកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត ។

សម្ដេចបវរធិបតី និងលោកជំទាវ Beth Van Duyne ក៏បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងប្រទេសទាំងពីរ ដូចជា វិស័យសន្ដិសុខ និងការពារជាតិ ការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋកម្ពុជាពីសហរដ្ឋអាមេរិក មកកម្ពុជាជាដើម ។

ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានជម្រាបជូនអំពីវឌ្ឍនភាព នៃស្ថានភាព ព្រំដែនកម្ពុជា-ថៃ រួមទាំងការអនុវត្តបទឈប់បាញ់ផងដែរ សំដៅឈានទៅរក ការស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ។

គណៈប្រតិភូ​សភាអាមេរិក ក៏បានបញ្ជាក់ពីជំហរបស់​សហរដ្ឋអាមេរិក ក្នុង​ការគាំទ្រ​បទឈប់បាញ់​ និង​វិលទៅរកសន្តិភាព​ និង​ស្ថិរភាពឡេីងវិញ​ ហេីយសហរដ្ឋ​អាមេរិក នឹង​បន្តយកចិត្តទុកដាក់តាមដានលេីការងារនេះ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner