មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី បានរៀបចំពិព័រណ៍ផ្សារណាត់ផលិតផលភូមិ១ ផលិតផល១ លើកទី៣ ឆ្នាំ២០២៥
(រតនគិរី)៖ មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៥ បានរៀបចំពិព័រណ៍ កសិ-ពាណិជ្ជកម្ម និងផលិតផលក្នុងស្រុក ខេត្តរតនគិរី លើកទី៣ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកកែច្នៃ ទៅកាន់អ្នកប្រើប្រាស់ រយៈពេល០៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។

លោកស្រី ភូ ដាលី អនុប្រធានមន្ទីរពាណិកម្មខេត្តរតនគិរី បានលើកឡើងថា ចំពោះពិព័រណ៍ផ្សារណាត់ផលិតផលភូមិ១ ផលិតផល១ លើកទី៣នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញផលិតកម្ម កសិកម្ម រួមមាន កិច្ចការចិញ្ចឹមសត្វ ផលិតកម្មស្រូវ និងដំណាំផ្សេងៗ បង្កើនបរិមាណផលិតផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុក និងក្រៅស្រុក ព្រមទាំងបង្កើតឱកាសជូនប្រជាកសិករ ក្រុមផលិត សហគ្រាស ក្រុមហ៊ុនក្នុងខេត្ត ធ្វើការផ្សាភ្ជាប់ជាមួយឈ្មួញ អ្នកប្រមូលទិញធំៗ ក្នុងតំបន់ និងក្រៅតំបន់ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ បង្កើនផលិតភាព និងផលិតកម្ម ដែលជាកាលានុវត្តភាពសម្រាប់វិស័យកសិ – ពាណិជ្ជកម្ម ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារ សមធ៌ម ប្រសិទ្ធភាព និងចីរភាពសង្គម។

លោកស្រីអនុប្រធានមន្ទីរ បានបន្តទៀតថា ផលិតផលទាំងនេះ កសិករអាចផលិតបានមួយចំនួនធំ ដែលប្រកបដោយគុណភាព សោភ័ណ្ឌភាព សុវត្ថិភាព និងបានធ្វើការផ្គត់ផ្គង់មកកាន់ទីផ្សារ ប៉ុន្តែបរិមាណតម្រូវការចំពោះបន្លែ និងផ្លែឈើសុវត្ថិភាពនៅមានទំហំធំ និងប្រកបដោយការប្រកួតប្រជែង។ កត្តានេះដើម្បីជាគន្លឹះក្នុងការប្រកួតប្រជែងនៅលើទីផ្សារ ផលិតផលក្នុងស្រុកត្រូវខិតខំបង្កើតឱ្យបាននូវឧត្តមភាពប្រកួតប្រជែង គឺគុណភាពល្អ បរិមាណផ្គត់ផ្គង់ទៀងទាត់ តម្លៃសមរម្យ និងការកសាងទំនុកចិត្តអ្នកប្រើប្រាស់តាមរយៈការបង្កើតម៉ាកសញ្ញាផលិតផលផងដែរ។ បច្ចុប្បន្នសហគ្រាសធុនតូច និងមធ្យមក្នុងខេត្តរតនគិរី កំពុងតែមានការរីកចម្រើនគួរឱ្យកត់សម្គាល់ តែយើងសង្កេតឃើញថា ការផលិតរបស់យើងនៅមានកម្រិត និងពុំទាន់ធានាបានទៅតាមតម្រូវការប្រើប្រាស់នៅឡើយ ជាហេតុនាំឱ្យមានការហូរចូលនូវផលិតផលពីបរទេសជាច្រើនរាប់ទាំងទំនិញ បន្លែផ្លែ ឈើ ត្រី សាច់ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ។ ជាមួយនេះផលិតផលក្នុងស្រុកក៏មានការជួបប្រទះនូវការលំបាក ក្នុងការប្រកួតប្រជែងផលិតផលរបស់ខ្លួនជាមួយផលិតផលនាំចូល។ ការប្រឈមទាំងនេះបណ្តាលមកពីកត្តាជាច្រើន ដូចជាបរិបទនៃការចូលរួមក្នុងពាណិជ្ជកម្មពិភពលោក ការធ្វើសមាហរណកម្មចូលទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងតម្រូវការរបស់អ្នកប្រើប្រាស់ ដែលមានការផ្លាស់ប្តូរខ្លាំង។

លោកស្រី ភូ ដាលី បានអំពាវនាវ អោយផលិតករក្នុងស្រុកត្រូវខិតពង្រឹងគុណភាព សុវត្ថិភាព ការវេចខ្ចប់ ប្រកបដោយអនាម័យ ការដាក់ស្លាកច្នៃផលិតឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងតាមតម្រូវការអ្នកប្រើប្រាស់ ជាមួយនឹងតម្លៃ ដែលអាចប្រកួតប្រជែងជាមួយផលិតផលនាំចូល។ កិច្ចការទាំងអស់នេះ ពិតជាត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីសំណាក់ផលិតករ ពាណិជ្ជករ និងកត្តាសំខាន់ដែលមិនអាចខ្វះបានទៀតនោះគឺការចូលរួមគាំទ្រទិញផលិតកម្មខ្មែរពីប្រជាជន ដើម្បីជួយឱ្យផលិតករក្នុងស្រុកអាចមានលទ្ធភាពប្រកួតប្រជែង និងពង្រឹងការធ្វើទំនើបកម្មផលិតផលរបស់ខ្លួនបាន៕

ដោយ ៖ គតិ យុត្ត
