លោក ត្រាំ នៅតែប្រឹងប្រែង ឲ្យមានជំនួបពូទីន-ហ្សេលែនស្គី
វ៉ាស៊ីងតោន ៖ សេតវិមានបានបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តប្រឹងប្រែង ដើម្បីឲ្យលោកពូទីន ជួប លោក ហ្សេលែនស្គី ទាល់តែបានសម្រេច។
មន្ត្រីសេតវិមានបានប្រាប់ AFP ក្នុងលក្ខខណ្ឌ សុំមិនបញ្ចេញឈ្មោះ កាលពីថ្ងៃសុក្រ ទី២៩ ខែសីហា ថា «ប្រធានាធិបតី Trump និងក្រុមសន្តិសុខជាតិរបស់លោក បន្តចូលរួម ជាមួយមន្ត្រីរុស្ស៊ី និងអ៊ុយក្រែន ឆ្ពោះទៅរកកិច្ចប្រជុំទ្វេភាគី ដើម្បីបញ្ឈប់ការសម្លាប់ និងបញ្ចប់សង្គ្រាម»។
ការចេញមកអះអាងបែបនេះ ធ្វើឡើង បន្ទាប់ពីលោក Macron ប្រធានាធិបតីបារាំង បានព្រមានថា ប្រសិនបើរុស្ស៊ី មិនបំពេញតាមកាលកំណត់ នៅថ្ងៃចន្ទ សប្តាហ៍ក្រោយ ដើម្បីយល់ព្រមលើកិច្ចចរចាទេ នោះនឹងបង្ហាញជាថ្មី ម្តងទៀតថា លោកប្រធានាធិបតី ពូទីន បានដើរតួ ជាប្រធានាធិបតី Trump ដែលហាក់ចង់សំដៅថា លោក ពូទីន កហុស លោកត្រាំ។
យ៉ាងណាមិញ លោក Stephen Miller អគ្គសេនាធិការរងសេតវិមាន បានច្រានចោលការលើកឡើង ដែលថា លោក Trump ត្រូវបាន លោកពូទីន បោកបញ្ឆោត។
លោក Miller បាននិយាយថា «គ្មានប្រធានាធិបតីណាម្នាក់ ក្នុងប្រវត្តិសាស្ត្រ បានធ្វើបន្ថែមទៀតដើម្បីជំរុញបុព្វហេតុសន្តិភាព នោះទេ…គាត់កំពុងធ្វើការយ៉ាងខ្ជាប់ខ្ជួន ដើម្បីបញ្ចប់ការសម្លាប់នេះ ហើយនោះ ជាអ្វីដែលមនុស្សគ្រប់គ្នា ក្នុងពិភពលោក គួរអបអរសាទរ»។
គួរបញ្ជាក់ថា បន្ទាប់ពីជួបជាមួយ លោក ពូទីន នៅអាឡាស្កា កាលពីដើមខែនេះ ហើយបន្ទាប់មកធ្វើជាម្ចាស់ផ្ទះ ទទួលជួបលោក Zelensky និងមេដឹកនាំអឺរ៉ុបនៅសេតវិមាន កាលពីសប្តាហ៍មុន លោក Trump បាននិយាយថា លោកកំពុងរៀបចំកិច្ចពិភាក្សាទ្វេភាគី រវាងមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន។ ប៉ុន្តែ រុស្ស៊ីបានបដិសេធពីលទ្ធភាពនៃជំនួបបែបនេះ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត