មន្រ្តីរដ្ឋបាលខេត្ត៖បង្កើនការរកឃើញអ្នកមានផ្ទុកមេរោគអេដស៍ថ្មី​ដើម្បី​បញ្ចប់នូវការចម្លងមេរោគអេដស៍

បន្ទាយមានជ័យ៖សិក្ខាសាលាគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍​ខេត្តស្តីពីបច្ចុប្បន្នភាព និងលទ្ធផលនៃការ​ឆ្លើយតប​នឹងមេរោគអេដស៍​ក្នុងខេត្ត និងការអនុវត្តផែនការយុទ្ធសាស្ត្រ “រួមគ្នាពន្លឿនការឆ្លើយតប ដើម្បីបញ្ចប់ការចម្លងមេរោគ​អេដស៍ត្រូវបានប្រារព្ធនៅសាលប្រជុំក្រុម​ប្រឹក្សា​ខេត្តបន្ទាយមានជ័យ។

លោកវេជ្ជបណ្ឌិត គីលីន ពិសី ប្រធានកម្មវិធីអេដស៍ខេត្តបានឱ្យដឹង​ក្នុងសិក្ខាសាលាកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នូវលទ្ធផល​ការងារដែលសម្រេចបាន។

សូមជម្រាបថា សិក្ខាសាលាខាងលើបានបង្ហាញអំពីការវិភាគស្ថានភាព​រីករាលដាលមេរោគអេដស៍និងលទ្ធផលអនុវត្ត​លើកម្មវិធីអេដស៍​និង​លើកទិសដៅអនុវត្តបន្ត ដើម្បីអនុវត្តពន្លឿនការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍នៅខេត្តបន្ទាយ​មាន​ជ័យ និងឈាន​សម្រេចគោលដៅ ៩៥:៩៥:៩៥ ឱ្យមានប្រសិទ្ធភាព។

អញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលលោកស្រី រស់ សុផានី អភិបាលរង​ខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ការអនុវត្តផែន​ការយុទ្ធសាស្ត្រ “រួមគ្នាពន្លឿនការឆ្លើយតប ដើម្បីបញ្ចប់ការចម្លងមេរោគអេដស៍ចាំបាច់​អនុវត្តបង្កើនការរកឃើញ​អ្នកមាន​ផ្ទុកមេរោគអេដស៍ថ្មីដើម្បីបញ្ចប់នូវការ​ចម្លងមេរោគអេដស៍ ។ ជាមួយនេះបន្តអប់រំផ្សព្វផ្សាយការបង្ការការចម្លង​មេរោគ​អេដស៍ និងកាមរោគ ដោយការប្រើប្រាស់ស្រោម អនាម័យត្រឹម ត្រូវ ១០០% ។

លោកស្រីក៏បានផ្តល់សារៈសំខាន់ដល់កិច្ចសហការជាមួយក្រុមការងារ អាជ្ញាធរ អង្គការដៃគូពាក់ព័ន្ធ រួមទាំងជំរុញលើកទឹក​ចិត្តការធ្វើតេស្តឈាម ការប្រើប្រាស់សេវា ប្រឹក្សាផ្តល់ឱសថបង្ការនឹងការប្រឈម​ការឆ្លងមេរោគ​អេដស៍ក្នុងចំណោមក្រុម​ប្រឈម​និងផ្តល់ឱកាសឱ្យក្រុម​គោលដៅចូលរួម​ទទួលការអប់រំការធ្វើតេស្តឈាមនិងទទួលសេវាបង្ការ ថែទាំជំងឺ អេដស៍​និងកាមរោគ៕

 ដោយ៖គៀន ច័ន្ទហ៊ីន
ads banner