អគ្គលេខាធិការ UN ជំរុញឱ្យភាគីកម្ពុជា និងថៃ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
(ចិន)៖ ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការ សៀងហៃ បូក នៅសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានជំរុញឱ្យភាគីកម្ពុជា និងថៃ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ជៀសវាងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែន ដែលមិនទាន់ដាច់ស្រេច ជាពិសេស តំបន់ដែលមានប្រជាពលរដ្ឋរស់នៅ ។

នៅក្នុងជំនួបនេះ ឯកឧត្តម António Guterres បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងនាមជាសមាជិកនៃអង្គការពិភពលោក ក្នុងកិច្ចការជាច្រើន ។

ពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ថា ឯកឧត្តមផ្ទាល់ បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើករណីនេះ។ ឯកឧត្តម បានសម្តែងការស្វាគមន៍ចំពោះបទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ និងបន្តជំរុញឱ្យស្ថានការអាចវិលត្រលប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។

ឯកឧត្តមអគ្គលេខាធិការ បានទទួលយកសំណើ ក្នុងការជំរុញឱ្យភាគីទាំងពីរ ជៀសវាងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែន ដែលមិនទាន់ដាច់ស្រេច ជាពិសេស នៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។ សូមឱ្យដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ (គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ JBC) ដោយផ្អែកលើមូលដ្ឋាន នៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ ៕
ដោយ ៖ វណ្ណលុក


