ឥណ្ឌូណេស៊ីរឹតបន្តឹងសន្តិសុខ ក្រោយផ្ទុះបាតុកម្មដ៏អាក្រក់បំផុតសម្លាប់មនុស្ស ៦ នាក់

ហ្សាកាតា ៖ អាជ្ញាធរឥណ្ឌូណេស៊ីបានបង្កើនការរឹតបន្តឹងសន្តិសុខ បន្ទាប់ពីមានមនុស្ស ៦ នាក់ស្លាប់កាលពីសប្តាហ៍មុន ពាក់ព័ន្ធនឹងការតវ៉ាផ្នែកសេដ្ឋកិច្ចដ៏ចម្រូងចម្រាស់ ដែលប្រែក្លាយទៅជាអំពើហិង្សាប្រឆាំងនឹងកងកម្លាំងប៉ូលិសជាតិ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Aljazeera នៅថ្ងៃទី១ ខែកញ្ញា។

បាតុកម្មហិង្សាដែលកើតឡើងកាលពីសប្តាហ៍មុន ទាក់ទងនឹងឯកសិទ្ធិហិរញ្ញវត្ថុសម្រាប់សមាជិកសភា បានបង្ខំឱ្យប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បោះបង់ចោលគោលនយោបាយនេះ។ យ៉ាងណា ការជួបជុំរបស់និស្សិត រួមទាំងបាតុករត្រូវបានរំពឹងថា នឹងបន្តកើតមាននៅតាមទីតាំងជាច្រើននៅទូទាំងប្រទេសឥណ្ឌូណេស៊ី។

ជាការឆ្លើយតប ប៉ូលិសបានបង្កើតចំណុចត្រួតពិនិត្យនៅទូទាំងរដ្ឋធានីហ្សាការតា នៅថ្ងៃទី១ ខែកញ្ញានេះ។ ចំណែកនៅថ្ងៃទី៣១ ខែសីហា ប៉ូលិសបានដាក់ពង្រាយក្បួនម៉ូតូ និងរថយន្តពាសដែកទៅកាន់អគាររដ្ឋសភាឥណ្ឌូណេស៊ី ដើម្បីបង្ហាញសាច់ដុំ និងព្រមានដល់បាតុករ។

បាតុកម្មដំបូងឡើយ បានកើតឡើងមុខអគាររដ្ឋសភា ប៉ុន្តែបានក្លាយជាហិង្សាបន្ទាប់ពីរថយន្តរបស់កងពលតូចចល័ត (Brimob) ដែលជាអង្គភាពរបស់ប៉ូលិសជាតិឥណ្ឌូនេស៊ី បានបុកស្លាប់លោក Affan Kurniawan អ្នករត់ម៉ូតូដឹកជញ្ជូន Gojek អាយុ ២១ឆ្នាំ ខណៈលោកកំពុងដឹកជញ្ជូនទំនិញ និងជាប់គាំងក្នុងហ្វូងបាតុករ នៅថ្ងៃទី២៨ ខែសីហា។

បាតុកម្មដ៏អាក្រក់នេះបានរីករាលដាលពីរដ្ឋធានី Jakarta ទៅកាន់ទីក្រុងធំៗផ្សេងទៀត រួមមាន Yogyakarta, Bandung, Semarang និង Surabaya នៅកោះជ្វា ព្រមទាំងទីក្រុង Medan នៅខេត្តស៊ូម៉ាត្រាខាងជើង ដែលជាភាពចលាចលធ្ងន់ធ្ងរបំផុត ចាប់តាំងពីលោកប្រធានាធិបតី Prabowo ឡើងកាន់អំណាចកាលពីមួយឆ្នាំមុន។

នៅថ្ងៃទី៣១ ខែសីហា រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក Sjafrie Sjamsoeddin បានព្រមានថា កងទ័ព និងប៉ូលិស នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំជនបង្កចលាចល និងចោរប្លន់ បន្ទាប់ពីផ្ទះរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុត្រូវបានគេប្លន់។

ទាក់ទិនការទប់ស្កាត់បាតុកម្មហិង្សានេះទៀតសោត កាលពីចុងសប្តាហ៍មុន កម្មវិធីចែករំលែកវីដេអូខ្លី TikTok បានផ្អាកមុខងារផ្សាយផ្ទាល់ជាបណ្តោះអាសន្នរយៈពេលប៉ុន្មានថ្ងៃនៅឥណ្ឌូណេស៊ី ដែលជាកន្លែងមានអ្នកប្រើប្រាស់ TikTok ជាង ១០០លាននាក់៕

ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner