លោក Elon Musk ព្រមានថា ប្រជាជនអឺរ៉ុបប្រឈមអត្រាស្លាប់ខ្ពស់ជាងចាប់កំណើត

វ៉ាស៊ីនតោន ៖ មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk បានព្រមានថា ប្រជាជនអឺរ៉ុបទំនងជាប្រឈមមុខនឹងអត្រាស្លាប់ខ្ពស់ជាងអត្រាចាប់កំណើត ដរាបណាប្លុកមានសមាជិកចំនួន ២៧ ប្រទេសមួយនេះ អាចដោះស្រាយបញ្ហាប្រជាសាស្រ្តរបស់ខ្លួន តាមរយៈការបង្កើនអត្រាកំណើត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៣១ ខែសីហា។

លោក Musk ដែលជាស្ថាបនិកក្រុមហ៊ុន Tesla និង SpaceX បានព្រមានបែបនេះ តាមរយៈសារបង្ហោះលើវេទិការ X កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយយោងតាមស្ថិតិរបស់ប្រទេសស្កុតឡែន ដែលបង្ហាញថា អត្រាស្លាប់មានចំនួន ៣៤% ខ្ពស់ជាងអត្រាចាប់កំណើត នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥។

មហាសេដ្ឋីពិភពលោកមានវ័យ ៥៤ឆ្នាំរូបនេះ គឺជាអ្នកតស៊ូមតិសម្រាប់ការជំរុញអត្រាកំណើត ដោយរូបលោកបានបង្កើតកូនយ៉ាងហោចណាស់ ១៤នាក់ និងបានបរិច្ចាគលុយរាប់លានដុល្លារគាំទ្រដល់ការងារស្រាវជ្រាវការមានកូន ហើយលោកជារឿយៗតែងតែលើកឡើងពីការជូនដំណឹងអំពីការធ្លាក់ចុះនៃប្រជាសាស្រ្តនៅអឺរ៉ុប។

ផ្អែកតាមទិន្នន័យប្រជាសាស្ត្រសកល លោក Musk បានអះអាងថា អរិយធម៌ “នឹងដួលរលំ” លុះត្រាតែអត្រាកំណើតកើនឡើង។ លោកថា ការដួលរលំនៃចំនួនប្រជាជនដោយសារការមានកូនទាប គឺ “ជាហានិភ័យធំជាងការដួលរលំអរិយធម៌” ដោយសារតែការប្រែប្រួលអាកាសធាតុ។

នៅទូទាំងពិភពលោក ការមានកូនបានធ្លាក់ចុះអស់រយៈពេលជាង ៥០ឆ្នាំមកហើយ។ យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិបង្ហាញថា អត្រាមានកូនមានប្រហែល ២.២កំណើតប៉ុណ្ណោះសម្រាប់ស្ត្រីម្នាក់ក្នុងឆ្នាំ២០២៤ ធ្លាក់ចុះពី ៥កំណើតក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ និង ៣.៣កំណើតក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។

ហើយ ៤៥% នៃបណ្តាប្រទេស និងតំបន់ ដែលរ៉ាប់រងប្រហែលមួយភាគបីនៃចំនួនប្រជាជនពិភពលោក បានរាយការណ៍អំពីកម្រិតនៃការមានកូននៅត្រឹម ឬលើសពី ២.១កំណើតកាលពីឆ្នាំ ២០២៤។ ក្នុងនោះ ១៣% នៃបណ្តាប្រទេស និងតំបន់ មានអត្រាមានកូន ៤កំណើត ឬខ្ពស់ជាងនេះ គឺនៅអនុតំបន់សាហារ៉ាអាហ្រ្វិក អាហ្វហ្គានីស្ថាន ស៊ូដង់ និងយេម៉ែន៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner