រដ្ឋបាលខេត្តបាត់ដំបងអំពាវនាវឱ្យប្រជាពលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ និងតំបន់ងាយរងគ្រោះបង្កើនការ​ប្រុងប្រយ័ត្នខ្ពស់

បាត់ដំបង៖នៅថ្ងៃអង្គារទី២ ខែកញ្ញា ឆ្នាំ២០២៥ នេះរដ្ឋបាលខេត្តបាត់ដំបង​អំពាវនាវ​ដល់ប្រជាពលរដ្ឋ​ក្នុងខេត្ត​ទាំងអស់ ជាពិសេសបងប្អូនដែលរស់​នៅតាម​បណ្តោយដងស្ទឹងសង្កែ និងតំបន់ងាយរងគ្រោះមេត្តាបង្កើនការប្រុង​ប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង។

ក្នុងសេចក្តីជូនដំណឹងរដ្ឋបាលខេត្តបាត់ដំបងបានសរសេរថា ដោយផ្អែកលើ​ស្ថានភាពបច្ចុប្បន្នកម្រិតកម្ពស់​ទឹកស្ទឹង​សង្កែ នៅចំណុចស្ពានសម្តេចតេជោ ហ៊ុន សែន ក្រុងបាត់ដំបង មានកម្ពស់ ១៣,៧៦ម៉ែត្រ ជាកម្រិតកម្ពស់ទឹក​អាចបង្កហានិភ័យ ហើយបច្ចុប្បន្នកំពុងមានការកើនឡើងជាបន្ត បន្ទាប់តាម​រយៈ​ជំនន់ទឹកភ្លៀងនៅតំបន់ទីជម្រាល​នៃស្ទឹងសង្កែផ្នែកខាងលើ។

ប្រភពដដែលបន្តថា ក្នុងស្ថានភាពបែបនេះដើម្បីជៀសវាង បាននូវគ្រោះថ្នាក់​ផ្សេងៗ ដែលអាចកើតឡើង​ជាយថា​ហេតុ សូមបងប្អូនប្រជាពលរដ្ឋក្នុង​ខេត្ត​ទាំងអស់ ជាពិសេស បងប្អូនដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ និង​តំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូន​ចៅតូចៗ​កុំឱ្យចុះលេងទឹក និងត្រៀម​រៀបចំ​ទុកដាក់នូវសម្ភារៈ ឯកសារសំខាន់ៗឱ្យបាន​ត្រឹមត្រូវ និងស្វែងរកទីទួលសុវត្ថិភាពដែលបានកំណត់ដោយ​អាជ្ញាធរ​មូលដ្ឋាន ក្នុងករណីទទួលរងនូវការលិចលង់ណាមួយកើតមានឡើង។

រដ្ឋបាលខេត្តបានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្ត​ទុកដាក់ក្នុងការត្រៀមរៀបចំផែនការ អន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិ​ភាព​ឱ្យបានសមរម្យ ក្នុងការជម្លៀសប្រជាពលរដ្ឋនៅពេលដែលមាន គ្រោះ​មហន្តរាយ​ទឹកជំនន់កើតឡើង ព្រមទាំងធ្វើការផ្សព្វផ្សាយ ណែនាំឱ្យប្រជាពល​រដ្ឋ​យកចិត្តទុកដាក់លើ បញ្ហាការថែរក្សាសុខភាព អនាម័យដើម្បីជៀសវាង​បាន​ពីជំងឺឆ្លងផ្សេងៗ។

សូមជម្រាបថា ឯកឧត្តម សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិ​គ្រប់គ្រងគ្រោះមហន្តរាយបាន​ប្រាប់​បណ្ដាញសារព័ត៌មានកាលព្រឹកថ្ងៃទី២ ខែកញ្ញានេះថា ភ្លៀងធ្លាក់ជាប់ៗគ្នាចាប់ពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញាបណ្តាលឱ្យកើតជំនន់ទឹកភ្លៀងបង្កផលប៉ះពាល់ខេត្តចំនួន ៣ប៉ះពាល់​ប្រជាពលរដ្ឋចំនួនជិត ៧០០គ្រួសារ។ក្នុងនេះទី១.ខេត្តបាត់ដំបង​ប៉ះពាល់ស្រុក​ចំនួនមួយគឺ​ស្រុកសំឡូត មាន៤ឃុំ, ប៉ះពាល់​ចំនួន ២៦​គ្រួសារ និងប៉ះពាល់ដំណាំរួមផ្សំចំនួន ១៨.៥ ហិកតា។ទី២. ខេត្តសៀមរាប ប៉ះពាល់ស្រុកចំនួន ៤ មាន១៣ឃុំ , ប៉ះពាល់ ៤១៥ គ្រួសារនិង​ប៉ះពាល់​ផ្ទះ ៤១៥ខ្នងនិងទី៣.ខេត្តក្រចេះ ប៉ះពាល់ ២ស្រុក មាន២ឃុំ, ប៉ះពាល់ប្រជា​ពល​រដ្ឋ ២២៤គ្រួសារ និងប៉ះពាល់ដំណាំកសិកម្មចំនួន ១៦៩ហិកតា។

ដោយឡែកព្រឹត្តិបត្រព័ត៌មានស្ដីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយមសម្រាប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា​សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងមានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥៖
១-តំបន់វាលទំនាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា​៣៥°C។ ខ្យល់បក់មកពីទិសនិរតី និង​ទិសបស្ចិមមានល្បឿនមធ្យម៤ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប់ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្ដាលតាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥០ភាគរយ។
២-តំបន់ខ្ពង់រាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា​៣៤°C។​ខ្យល់បក់មកពីទិសបស្ចិម និងទិស​ពាយ័ព្យមានល្បឿន​មធ្យម៥​ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិនឧត្ដរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រង់ រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀង​ធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្តប់​លើផ្ទៃដី៤៥ភាគរយ។
៣-តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុងព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥០ភាគរយ៕
ដោយ៖អ៊ុក សំអាន,ពលជ័យ

ads banner