ថៃស្នើឲ្យរំលាយសភាចោលជាផ្លូវការ
បាងកក ៖ នៅទីបំផុត នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភុំថាម វីឆាយ៉ាឆៃ នៅថ្ងៃពុធទី៣ ខែកញ្ញានេះ បានស្នើជាផ្លូវការ ឲ្យរំលាយសភាចោលហើយ។
អគ្គលេខា គណបក្សភឿថៃ បានអះអាងថា លោក នាយករដ្ឋមន្ត្រីស្តីទី បានឆ្ពោះទៅមុខហើយ ជុំវិញដំណើរការ ទៅរំលាយសភាចោល បន្ទាប់ពីគណបក្សប្រឆាំង ដ៏ធំបំផុត បានគាំទ្របេក្ខជន ដែលជាគូប្រជែង សម្រាប់តំណែង ជានាយករដ្ឋមន្ត្រីថ្មី។
លោក Sorawong Thienthong អគ្គលេខា បក្សភឿថៃ បានប្រាប់ AFP ថា នាយករដ្ឋមន្រ្តីស្តីទី លោក ភុំថាម វីឆាយ៉ាឆៃ (Phumtham Wechayachai) បានបញ្ជូនក្រឹត្យ រំលាយសភា ហើយ»។
ការប្រកាសនេះ ធ្វើឡើង ភ្លាមៗ បន្ទាប់ពី គណបក្សប្រឆាំងដ៏ធំ គឺ បក្សភូមិចៃថៃ បានប្រកាសថា ខ្លួននឹងគាំទ្របេក្ខភាពគូប្រជែង របស់បក្សភឿថៃ ឱ្យធ្វើជានាយករដ្ឋមន្ត្រី បន្ទាប់ របស់ប្រទេសនេះ គឺ មហាសេដ្ឋី អភិរក្សនិយម ឈ្មោះថា Anutin Charnvirakul។
គួររម្លឹកថា កាលរសៀលថ្ងៃទី២៩ ខែសីហា តុលាការធម្មនុញ្ញថៃ បានសម្រេចដកតំណែង នាយករដ្ឋមន្ត្រី របស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ក្នុងសំណុំរឿង ខ្វះសីលធម៌ ជុំវិញការបែកធ្លាយសម្លេងសន្ទនា។
កន្លងមក ក៏មានបាតុកម្ម ទាមទារឲ្យលោកស្រី ចុះចេញពីតំណែងផងដែរ ហើយថា មិនចាំបាច់ រងចាំការប្រកាសសាលក្រមទេ។ បាតុករបានចោទប្រកាន់លោកស្រី ផែថងថាន និង ក្រុមគ្រួសាររបស់ លោកស្រី ថា បានបង្កជម្លោះ អូសបន្លាយនៅព្រំដែន ដែលធ្លាប់តែ ស្ងប់ស្ងាត់ ជាយូរមកហើយ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

