រដ្ឋធានីវៀតណាមស្រូបទាញភ្ញៀវទេសចរជាង ២ លាននាក់ អំឡុងថ្ងៃបុណ្យជាតិ
ហាណូយ ៖ រដ្ឋធានីហាណូយរបស់វៀតណាមបានស្វាគមន៍ភ្ញៀវទេសចរប្រមាណ ២.០៨ លាននាក់ អំឡុងថ្ងៃឈប់សម្រាកបុណ្យជាតិរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃសៅរ៍ដល់ថ្ងៃអង្គារសប្តាហ៍នេះ ដែលនេះជាតួលេខខ្ពស់ជាងបីដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រាក់ចំណូលទទួលបានពីវិស័យទេសចរណ៍របស់ទីក្រុងហាណូយ មានទឹកប្រាក់ប្រហែល ១៧២.១ លានដុល្លារ អំឡុងថ្ងៃឈប់សម្រាក តួលេខនេះ កើនឡើង ៨០ ភាគរយ។
នាយកដ្ឋានទេសចរណ៍ទីក្រុងហាណូយ បានឲ្យដឹងថា តំបន់ទេសចរណ៍ក្នុងទីក្រុងនៅតែមានសុវត្ថិភាព និងសណ្តាប់ធ្នាប់ពេញលេញ កំឡុងពេលវិស្សមកាល និងថា កិច្ចខិតខំប្រឹងប្រែងត្រូវបានពង្រឹងបន្ថែមទៀត ដើម្បីធានាដល់ការធ្វើចរាចរណ៍រលូន អនាម័យតាមទីសាធារណៈ និងសេវាកម្មប្រកបដោយគុណភាពសម្រាប់ភ្ញៀវទេសចរ។
វៀតណាមបានប្រារព្ធខួបលើកទី ៨០ នៃបុណ្យឯករាជ្យជាតិ ជាមួយនឹងការដង្ហែក្បួនដ៏ធំឆ្លងកាត់ទីក្រុងហាណូយ នៅថ្ងៃទី២ ខែកញ្ញា ព្រមទាំងព្រឹត្តិការណ៍ជាច្រើនទៀតនៅក្នុងរដ្ឋធានីហាណូយ ក្នុងឱកាសថ្ងៃឈប់សម្រាកនេះ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

