ប៉ាគីស្ថានស្លាប់២៥នាក់ អំឡុងការវាយប្រហារ ៣លើក
អ៊ីស្លាម៉ាបាដ ៖ មនុស្សយ៉ាងហោចណាស់ ចំនួន២៥នាក់ ត្រូវបានសម្លាប់ អំឡុងការផ្ទុះគ្រាប់បែកអត្តឃាត ចំនួន២លើក និងការវាយប្រហារ ១ទៀត នៅក្នុងប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី២ ខែកញ្ញា។
ក្រុមមន្ត្រីបាននិយាយថា មានមនុស្ស១៤នាក់ បានស្លាប់ បន្ទាប់ពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានកំណត់គោលដៅ វាយប្រហារលើការជួបជុំនយោបាយមួយ នៅក្នុងខេត្ត Balochistan ភាគនិរតី។
ការវាយប្រហារមួយទៀត បានកើតមាន នៅតំបន់ Balochistan ផងដែរ នៅជិតព្រំដែន ជាមួយប្រទេសអ៊ីរ៉ង់ បានឆក់យកជីវិត មនុស្ស ៥នាក់ ខណៈដែលទាហាន ៦នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីការវាយប្រហារអត្តឃាត លើមូលដ្ឋានរបស់ពួកគេ នៅក្នុងខេត្ត Khyber Pakhtunkhwa ។
Balochistan គឺជាខេត្តដ៏ធំបំផុត និងសម្បូរធនធានបំផុត របស់ប្រទេសប៉ាគីស្ថាន ប៉ុន្តែ ក៏ជាខេត្តក្រីក្របំផុត របស់ប្រទេសនេះដែរ ហើយជាប់ចំណាត់ថ្នាក់ជាប្រចាំ ក្នុងចំណោមកម្រិតទាបបំផុត នៅលើតារាងពិន្ទុសូចនាករអភិវឌ្ឍន៍មនុស្ស។
គួរបញ្ជាក់ថា កងកម្លាំង ប៉ាគីស្ថាន បាននិងកំពុងប្រយុទ្ធនឹងការបះបោរ នៅក្នុងខេត្តនេះ អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ហើយ នៅឆ្នាំ២០២៤ តំបន់នេះ មានការកើនឡើងយ៉ាងខ្លាំងនៃអំពើហិង្សា ដោយក្នុងនោះ មនុស្ស ចំនួន៧៨២នាក់ ត្រូវបានសម្លាប់។
យ៉ាងណា គ្មានក្រុមណាមួយ ចេញមុខអះអាងទទួលខុសត្រូវ ភ្លាមៗ ចំពោះការវាយប្រហារ ចុងក្រោយ ទាំងនេះ នៅឡើយទេ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត