លោកជំទាវ អ៊ុច និពន្ធ ៖ តួនាទីដ៏សំខាន់របស់យុវជន ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ព្រោះពួកគេនឹងក្លាយទៅជាអ្នកដឹកនាំសង្គមជាតិនាពេលអនាគត

(ភ្នំពេញ)៖ លោកជំទាវ អ៊ុច និពន្ធ តំណាងរងកម្ពុជាប្រចាំអាយឆា បានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់របស់យុវជនក្នុងការ លើកកម្ពស់និងការពារសិទ្ធិមនុស្ស ព្រោះពួកគេនឹងក្លាយទៅជាអ្នកដឹកនាំសង្គមជាតិនាពេលអនាគត ។ ការលើកឡើងនេះក្នុងឱកាសតំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីតស៊ូមតិរបស់យុវជនស្តីពីសិទ្ធិមនុស្សរបស់អាយឆា នាថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារ FairField by Marriot Phnom Penh និងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ ។

តំណាង ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជា តំណាងកម្ពុជាប្រចាំអាយឆា លោកជំទាវ អ៊ុច និពន្ធ បានបញ្ជាក់ពីវត្ថុបំណងសំខាន់ៗនៃកម្មវិធីតស៊ូមតិរបស់យុវជនកម្រិតតំបន់ អាស៊ាននេះ រួមមាន ដើម្បីបញ្ជ្រាបការយល់ដឹងអំពីសិទ្ធិមនុស្ស បំណិននិយាយ ភាពជាអ្នកដឹកនាំ និងសាមគ្គីភាព ក្នុងចំណោមយុវជនអាស៊ាន ។

លោកជំទាវ ក៏បានថ្លែងអំណរគុណតំណាងអាយឆា ក៏ដូចជាលេខាធិការដ្ឋានអាស៊ាន ដែលតែងតែគាំទ្រដល់គំនិតផ្តួចផ្តើម និង កម្មវិធីផ្សេងៗរបស់អាយឆាកម្ពុជា ជាពិសេស រាជរដ្ឋាភិបាលអូស្ត្រាលី តាមរយៈគណៈកម្មការសិទ្ធិមនុស្សអូស្ត្រាលី (AHRC) ដែលបានគាំទ្រដល់ការរៀបចំកម្មវិធីតស៊ូមតិនាពេលនេះ។

លោកស្រី Bridget Collier អនុប្រធានស្ថានបេសកកម្ម តំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានបង្ហាញ ការសាទរចំពោះកម្មវិធីតស៊ូមតិនេះ និងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអូស្ត្រាលីចំពោះវិស័យសិទ្ធិមនុស្ស និង កិច្ចសហប្រតិបត្តិការជាមួយអាស៊ាន រួមទាំងការគាំទ្រដល់ការអនុវត្តផែនការការងារប្រាំឆ្នាំរបស់អាយឆា ។ កម្មវិធីតស៊ូមតិនេះបានផ្តល់ឱកាសដ៏សំខាន់មួយដល់យុវជនអាស៊ានក្នុងការចែករំលែកមតិយោបល់ កង្វល់ ព្រមទាំងអាទិភាពនៃវិស័យសិទ្ធិមនុស្ស ។

ឯកឧត្តម Edmund Bon Tai Soon ប្រធាន និងជាតំណាងប្រទេសម៉ាឡេស៊ីប្រចាំអាយឆា បានថ្លែងអំណរគុណ អាយឆាកម្ពុជាដែលបានរៀបចំកម្មវិធីនេះឡើង និងថា អាយឆាកម្ពុជាឈានមុខគេក្នុងការយកចិត្តទុកដាក់លើ យុវជន ព្រមទាំងបានរម្លឹកពីប្រធានបទសិទ្ធិមនុស្សនៃកម្មវិធីតស៊ូមតិ ស្តីពីសិទ្ធិមនុស្សរបស់អាយឆាចំនួន ៦លើក នាពេលកន្លង។

ឯកឧត្តមក៏បានអះអាងថា ការជជែកអំពីសិទ្ធិមនុស្សជាការលំបាកនិងមានលក្ខណៈរសើប ប៉ុន្តែអាយឆាបានខិតខំក្នុងការផ្តល់លម្អប្រកបដោយសុវត្ថិភាពមួយ ដល់យុវជនក្នុងការជជែកពិភាក្សាដេញដោល លើប្រធានបទជាច្រើនក្នុងវិស័យសិទ្ធិមនុស្ស ។

សូមបញ្ជាក់ថា កម្មវិធីតស៊ូមតិរបស់យុវជនស្តីពីសិទ្ធិមនុស្ស គឺជាវេទិកាមួយដ៏សំខាន់សម្រាប់ការលើកកម្ពស់ការយល់ដឹង និងជំរុញកិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សក្នុងចំណោមយុវជន អាស៊ាន មិនតែប៉ុណ្ណោះ ជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់អាស៊ានលើវិស័យសិទ្ធិមនុស្ស តាមរយៈការបង្កើតយន្តការ ស្ថាប័នផ្សេងៗ និងលិខិតុបករណ៍សិទ្ធិមនុស្សអាស៊ានជាដើម ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner