កាកបាទក្រហមកម្ពុជា ទទួលកញ្ចប់ឃីតសម្រាប់ស្ត្រី ពីអង្គការសហប្រជាជាតិសម្រាប់មូលនិធិប្រជាជន (UNFPA) ប្រចាំនៅកម្ពុជា

(ភ្នំពេញ)៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងទទួលអំណោយកញ្ចប់ឃីតសម្រាប់ស្ត្រីចំនួន ៦៨០ឃីត ពីលោកស្រី សាន់ដ្រា ប៊ឺនក្លាវ (Ms. Sandra Bernklau) តំណាង អង្គការសហប្រជាជាតិសម្រាប់មូលនិធិប្រជាជន (UNFPA) ប្រចាំនៅកម្ពុជា នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ។

លោកជំទាវអគ្គលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UNFPA ដែលបាននាំមកនូវកញ្ចប់ឃីតសម្រាប់ស្ត្រី លើកទី២។ កាកបាទក្រហមកម្ពុជានឹងចាត់ចែងកញ្ជប់ឃីតទាំងនេះ ជូនស្ត្រីដែលជាមុខសញ្ញាត្រឹមត្រូវ និងសង្គត់ភាព ពេលមានគ្រោះមហន្តរាយ ជាពិសេសស្ត្រីជាជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងជំរំនានា ។

លោកជំទាវ ក៏បានជម្រាបជូនគណៈប្រតិភូអំពីយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា ២០២០-២០៣០ និងសកម្មភាពការងារសំខាន់ៗថ្មីៗដែលកាកបាទក្រហមកម្ពុជាបានធ្វើនាពេលកន្លងមក ដូចជា សកម្មភាពថ្មីនៅជំរំជនភៀសសឹក ការអប់រំផ្សព្វផ្សាយ ចែកអំណោយ ការថែរក្សាអនាម័យ ជាដើម ។

លោកស្រី សាន់ដ្រា ប៊ឺនក្លាវ តំណាងអង្គការ UNFPA បានកោតសរសើរកាកបាទក្រហមកម្ពុជា ដែលតែងតែមានវត្តមានមុនគេក្នុងការឆ្លើយតបភាពងាយរងគ្រោះទាំងឡាយ។ ជាមួយគ្នានេះ អង្គការ UNFPA នឹងនៅតែបន្តជាដៃគូសហប្រតិបត្តិការដ៏ល្អជាមួយកាកបាទក្រហមកម្ពុជា ដែលមានការប្តេជ្ញាចិត្ត និងបេះដូងមនុស្សធម៌ ហើយតែងតែមានវត្តមានជួយដល់ជនរងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលា។ ហើយការផ្តល់អំណោយលើកទី២ឃីតចំនួន ៦៨០នេះ សម្រាប់កាកបាទក្រហមកម្ពុជា ចាត់ចែងតាមតម្រូវការចាំបាច់។

សូមបញ្ជាក់ថា ៖ លើកទី១ អង្គការសហប្រជាជាតិសម្រាប់មូលនិធិប្រជាជន (UNFPA) ប្រចាំនៅកម្ពុជា បានឧបត្ថម្ភ កញ្ចប់ឃីតសម្រាប់ស្ត្រីចំនួន ៦០០ ជូនកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner