ជំនន់នៅថៃ ទឹកលិចដល់ដំបូលផ្ទះ
បាងកក ៖ ទឹកជំនន់ នៅក្នុងខេត្ត ផេតឆាប៊ុន ប្រទេសថៃ ត្រូវបានឃើញលិចដល់ដំបូងផ្ទះ ខណៈដែលជនរងគ្រោះ ដោយសារព្យុះត្រូពិច កំពុងដង្ហើយហៅ រកអាហារ និង ទឹក ទទួលទាន។
គិតត្រឹមថ្ងៃទី២ ខែកញ្ញា ទឹកជំនន់ នៅខេត្ត ផេតឆាប៊ុន (Phetchabun) បានហក់ឡើងដល់ កម្ពស់ ២.៥ម៉ែត្រ ក្នុងនោះ ស្រុក Lom Kao និង ស្រុក Lom Sak បន្តប្រឈមមុខនឹងគ្រោះមហន្តរាយ ពីឥទ្ធិពល នៃព្យុះត្រូពិច ណុងហ្វា (Nong Fa) ដែលបណ្តាលឱ្យ ទឹកពីទន្លេ Pa Sak ហក់ឡើង និងជន់លិចផ្ទះសម្បែង របស់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋមួយចំនួន មិនអាចត្រូវបានជួយសង្គ្រោះ ទាន់ពេលវេលា។ អ្វីដែលពួកគេ ត្រូវការ ពេលនេះ គឺ អាហារ និង ទឹកស្អាត ព្រោះ សម្ភារដែលពួកគេបានត្រៀមទុក ត្រូវបានជន់លិច និង ទឹកជន់លិច អស់ហើយ។ ពួកគេថា មិននឹកស្មាន ទឹកនឹងឡើងខ្ពស់ ដល់ថ្នាក់នេះទេ ដោយ តំបន់ខ្លះ លិចដល់ទៅ ២ម៉ែត្រ កន្លះ។
គួរបញ្ជាក់ថា ព្យុះត្រូពិច ណុងហ្វា គឺជាព្យុះមួយទៀត ដែលបានវាយប្រហារប្រទេសថៃ បណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង ជាបន្តបន្ទាប់ ប៉ះពាល់ដល់ស្រុកជាច្រើន នៅក្នុងខេត្ត ផេតឆាប៊ុន ជន់លិចទាំងតំបន់ពាណិជ្ជកម្ម។
ថៃ តែងតែជួបប្រទះនូវភ្លៀងមូសុងប្រចាំឆ្នាំ នៅចន្លោះខែឧសភា និងខែតុលា ប៉ុន្តែ អ្នកវិទ្យាសាស្ត្របាននិយាយថា ការប្រែប្រួលអាកាសធាតុ ដែលបង្កើតឡើងដោយមនុស្ស កំពុងបណ្តាលឱ្យមានគំរូអាកាសធាតុកាន់តែអាក្រក់ខ្លាំង ដែលអាចធ្វើឱ្យមានទឹកជំនន់បំផ្លិចបំផ្លាញ កាន់តែច្រើន។
ទឹកជំនន់ ថៃ កើតមានឡើង សឹងតែរាល់ឆ្នាំ ក្នុងនោះ កាលពីឆ្នាំ២០២១ ធ្លាប់បានផ្តាច់យកជីវិតមនុស្ស ជាង៥០០នាក់ និង បំផ្លាញផ្ទះសម្បែង អស់រាប់លានខ្នង និងផលដំណាំយ៉ាងតំណំ៕


ប្រភពពី KhaosodEnglish, AFP ប្រែសម្រួល ៖ សារ៉ាត