គ្រួសារចំណាប់ខ្មាំងអ៊ីស្រាអែលគាំទ្រលោក ដូណាល់ ត្រាំ ទទួលពានរង្វាន់ណូបែលសន្តិភាព

វ៉ាស៊ីនតោន ៖ ក្រុមគ្រួសារចំណាប់ខ្មាំងអ៊ីស្រាអែល ដែលក្រុមហាម៉ាស់បន្តចាប់ឃុំខ្លួននៅតំបន់ហ្កាហ្សា បានប្រមូលផ្តុំគ្នាលើកស្លាកមេដាយជានិមិត្តរូបនៃពានរង្វាន់ណូបែលសន្តិភាព ដែលមានមុខលោកប្រធានាធិបតី ដូណាល់ ត្រាំ អំឡុងសន្និសីទសារព័ត៌មាននៅខាងក្រៅស្ថានទូតអាមេរិកប្រចាំទីក្រុង Tel Aviv ដោយអំពាវនាវឱ្យមេដឹកនាំអាមេរិករូបនេះ ជួយស្វែងរកកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង និងជួយបញ្ចប់សង្រ្គាមហ្កាហ្សា។

នាង Dalia Cusnir ប្អូនថ្លៃស្រីរបស់ចំណាប់ខ្មាំងបាននិយាយថា លោកប្រធានាធិបតី ត្រាំ នៅចំពោះមុខខ្ញុំ មានកិច្ចព្រមព្រៀងមួយ ដើម្បីនាំយកចំណាប់ខ្មាំងទាំង ៤៨ នាក់មកផ្ទះវិញ និង ដើម្បីបញ្ចប់សង្រ្គាម។ ប្រសិនបើលោកប្រធានាធិបតីជ្រើសរើសភាពក្លាហាននៅថ្ងៃនេះ អ្នកនឹងមិនត្រឹមតែជួយសង្គ្រោះជីវិតមនុស្ស ការជួបជុំគ្រួសារ និងបញ្ចប់សង្រ្គាមនោះទេ អ្នកក៏នឹងបើកទ្វារទៅកាន់អនាគតថ្មីសម្រាប់តំបន់ហ្កាហ្សាផងដែរ។

លោក Ruby Chen ឪពុករបស់ចំណាប់ខ្មាំងជនជាតិអាមេរិកដើមកំណើតអ៊ីស្រាអែល បាននិយាយថា យើងទាមទារទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស់យល់ព្រមលើកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង និងបញ្ចប់សង្គ្រាម។ លោកថា ឧបសគ្គចំពោះចក្ខុវិស័យមជ្ឈិមបូព៌ាថ្មី និងពានរង្វាន់ណូបែលសន្តិភាពរបស់លោកប្រធានាធិបតី ត្រាំ គឺការដោះលែងចំណាប់ខ្មាំង និងបទឈប់បាញ់ក្នុងសង្រ្គាមនៅតំបន់ហ្កាហ្សា។

គួរកត់សម្គាល់ថា ក្រុមហាម៉ាស់បានបើកការវាយប្រហារនៅលើទឹកដីអ៊ីស្រាអែល នៅខែតុលា ឆ្នាំ២០២៣ បានបណ្តាលឱ្យមនុស្សចំនួន ១.២១៩នាក់ស្លាប់ ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមការបូកសរុបរបស់សារព័ត៌មាន AFP ដោយផ្អែកលើតួលេខរបស់អ៊ីស្រាអែល។ ក្នុងចំណោមចំណាប់ខ្មាំង ២៥១នាក់ដែលត្រូវបានចាប់ខ្លួន អំឡុងការវាយលុកនោះ ៤៧នាក់នៅតែបន្តជាប់ឃុំខ្លួននៅតំបន់ហ្កាហ្សា រួមទាំង ២៥នាក់ដែលយោធានិយាយថាបានស្លាប់។

ការវាយលុកសងសឹករបស់អ៊ីស្រាអែលវិញ បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៦៣.៦៣៣នាក់ ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមតួលេខពីក្រសួងសុខាភិបាលប្រចាំតំបន់ហ្កាហ្សា ដែលអង្គការសហប្រជាជាតិចាត់ទុកថាអាចទុកចិត្តបាន។

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner