ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ៖ សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ការលើក កម្ពស់ និងការការពារសិទ្ធិមនុស្ស
(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាតំណាងកម្ពុជាប្រចាំ អាយឆា ក្នុងឱកាសអញ្ជើញបិទកម្មវិធីតស៊ូមតិរបស់យុវជនស្តីពីសិទ្ធិមនុស្សរបស់អាយឆា នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ។
ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បន្តថា កម្មវិធីតស៊ូមមតិនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ហើយបំណងប្រាថ្នា របស់យុវជន បានរម្លឹកយើងពីសារៈសំខាន់ នៃសន្តិភាពនិងសិទ្ធិមនុស្ស បើគ្មានសន្តិភាពយើងនឹងមិនអាចមានសូម្បីតែសិទ្ធិរស់រានមានជីវិត ។ នៅកម្រិត អាស៊ាន ការរួបរួមនិងការប្រែក្លាយភាពខុសគ្នាឱ្យទៅជាមូលដ្ឋានសម្រាប់សន្តិភាព វិបុលភាព និងការគោរពសិទ្ធិមនុស្ស នៅតែជាចំណុចខ្លាំងរបស់អាស៊ាន ។ យុវជនបានបញ្ចេញសមត្ថភាព និងវោហារសាស្ត្រយ៉ាងប៉ិនប្រសប់ជាមួយ ឥរិយាបថគួរជាទីពេញចិត្ត តែយ៉ាងណាក្នុងនាមជាអ្នកដឹកនាំនាពេលអនាគតត្រូវតែខិតខំបន្ថែមទៀត ហើយអាស៊ាន ត្រូវរួមគ្នាប្រែក្លាយគោលការណ៍សិទ្ធិមនុស្សឱ្យទៅជាសកម្មភាពជាក់ស្តែង។
ក្រៅពីសម្តែងការសាទរ ដល់យុវជនជ័យលាភី និងយុវជនទាំងអស់ដែលបានចូលរួម ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ ភាគីអូស្ត្រាលីដែលបានគាំទ្រដល់កម្មវិធីនេះ រួមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យកម្មវិធីតស៊ូមតិ របស់យុវជនលើកទី៧ អាចដំណើរការទៅបានដោយជោគជ័យ ។
សូមបញ្ជាក់ថា កម្មវិធីតស៊ូមតិនេះ មានប្រធានបទចំនួនប្រាំពាក់ព័ន្ធនឹង ការពរពោះជំនួស សិទ្ធិស្ត្រី សិទ្ធិកុមារ ធម្មនុញ្ញអាស៊ាន និងសិទ្ធិទទួលបានការអប់រំ ។ ជាលទ្ធផល ក្នុងចំណោមយុវជននៃប្រទេសសមាជិកអាស៊ានដែលបានចូលរួម យុវជនទទួលបានជ័យលាភីនិយាយល្អបំផុត (Best Speakers) ក្នុងចំណោមប្រធានបទទាំងប្រាំ រួមមាន យុវជនកម្ពុជាចំនួន ៣រូប, ឥណ្ឌូណេស៊ី ១រូប, និងសិង្ហបុរី ១រូប ។ កម្មវិធីនេះ ទទួលបានការគាំទ្រផ្នែកថវិកាពីមូលនិធិ អាយឆា និងពីរាជរដ្ឋាភិបាលអូស្ត្រាលី និងដោយមានការចូលរួមពីតំណាងប្រទេសអាស៊ានប្រចាំអាយឆា តំណាង ប្រទេសអូស្ត្រាលី និង AHRC ប្រទេសទីម័រខាងកើត ស្ថាប័នតាមវិស័យរបស់អាស៊ាន លេខាធិការដ្ឋានអាស៊ាន ស្ថាប័នសិទ្ធិមនុស្សជាតិនៃប្រទេសសមាជិកអាស៊ាន យុវជនអាស៊ាន តំណាងស្ថានទូត និងក្រសួង ស្ថាប័នពាក់ព័ន្ធ សរុប ១២០នាក់ ៕





ដោយ / គ្រី សម្បត្តិ