ក្រសួងការងារ និងមូលនិធិអភិវឌ្ឍន៍វិស័យអប់រំ ខេត្តអានហួយ ប្រទេសចិន រួមគ្នា បង្កើត​មជ្ឈមណ្ឌល​អភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ

(ភ្នំពេញ) ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ឍន៍ វិស័យ អប់រំ ខេត្តអានហួយ ប្រទេសចិន កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតរួមគ្នា នូវមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងមជ្ឈមណ្ឌលឧត្តមភាពទទួល​ស្គាល់​ជំនាញកម្ពុជា-ចិន—រោងជាង ហួយជាំង (Huijiang workshop)។

អនុស្សរណៈនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ​លើ​វិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការបង្កើតមជ្ឈ​មណ្ឌល​បណ្តុះបណ្តាល និងទទួលស្គាល់ជំនាញរួមគ្នារវាង កម្ពុជា-ចិន ដោយនឹងផ្ដោត​សំខាន់​លើការសហការរៀបចំកម្មវិធីសិក្សា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការ​ផ្លាស់ប្ដូរការសិក្សា ដើម្បីលើកកម្ពស់កម្រិតស្ដង់ដាអន្តរជាតិនៃការអប់រំបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកត់​សម្គាល់​ថា កម្ពុជា និងចិន មានកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំក្នុងការគាំទ្រគ្នា​ទៅវិញ​ទៅមកលើគ្រប់វិស័យ ហើយនៅពេលនេះភាគីទាំងពីរបានឈាន​ដល់ការ​ចុះអនុស្សរណៈនៃការយោគយល់គ្នាបន្ថែមទៀតលើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលនឹងចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ឱ្យ​កាន់តែ​រឹងមាំ និងជំរុញលើកកម្ពស់ឱ្យសិស្សនិស្សិត គ្រូបង្គោលពីកម្ពុជា និងចិន មានសមត្ថ​ភាព​កាន់តែប្រសើរស្របតាមការរីកចម្រើន និងការវិវឌ្ឍនៃបច្ចេកវិទ្យា។

សម្រាប់ ឯកឧត្តមរដ្ឋមន្ត្រី កិច្ចសហប្រតិបត្តិការនេះ នឹងក្លាយជាចលករដ៏សំខាន់​បន្ថែមទៀតសម្រាប់កម្ពុជាក្នុងការទាក់ទាញវិនិយោគិនពីបរទេស និងជាពិសេស​វិនិយោគិនចិនមកកម្ពុជា។

លោកស្រី Ling Shuangying អគ្គលេខាធិការនៃសម្ព័ន្ធអភិវឌ្ឍន៍វិស័យ​អប់រំបណ្តុះ​បណ្តាលវិជ្ជាជីវៈអន្តរជាតិ ខេត្តអានហួយ ប្រទេសចិន បានលើកឡើងថា អនុស្ស​រណៈ​​ដ៏សំខាន់នាពេលនេះ ដែលនឹងចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការបណ្តុះ​បណ្តា​ល​វិជ្ជាជីវៈ រវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរបន្ថែមទៀត ជាពិសេសវិស័យ​ពាណិជ្ជ​កម្មតាមប្រព័ន្ធអេឡិចត្រូនិក បច្ចេកទេសយានយន្តអគិ្គសនី និងបច្ចេកវិទ្យា​កុំព្យូទ័រជាដើម ឱ្យមានកម្រិតស្តង់ដាវិជ្ជាជីវៈខ្ពស់ទទួលស្គាល់រវាងប្រទេសទាំងពីរ៕

អត្ថបទ ៖ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner