គម្រោងព្រែកជីកហ្វូណនតេជោ កំពុងដំណើរការ ខណៈដែលការងារបច្ចេកទេសបានត្រៀមរួចរាល់
(ខេត្តកំពត)៖ សម្រាប់រាល់គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោរបស់រាជរដ្ឋាភិបាល គិតចាប់តាំងពីអាណត្តិមុន ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រហូតដល់អាណត្តិទី៧នេះ ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្តេចតែងយកចិត្តទុកដាក់គិតគូរយ៉ាងច្បាស់លាស់ និងលម្អិតបំផុតទាំងការងារបច្ចេកទេស និងការដោះស្រាយផលប៉ះពាល់នៃគម្រោង នៅមុនពេលចាប់ផ្តើមដាក់គ្រឿងចក្រចូល ។

នេះជាការលើកឡើងរបស់ ឯកឧត្តម ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការ នៃអនុគណៈកម្មាធិការដើម្បីដោះស្រាយផលប៉ះពាល់គម្រោងព្រែកជីកហ្វូណនតេជោ នៅក្នុងពិធីបើកវេទិកាពិភាក្សាស្តីពី ការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងព្រែកជីកហ្វូណន តេជោ កំណាត់ទី២ ដែលបានរៀបចំធ្វើឡើងនៅសាលសន្និសីទបូកគោ សាលាខេត្តកំពត នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ ។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា យ៉ាងណាមិញគម្រោងប្រវត្តិសាស្ត្រព្រែកជីកហ្វូណនតេជោនេះ សម្តេចតេជោ និងសម្តេចធីបតី បានយកចិត្តទុកដាក់ និងខិតខំយ៉ាងខ្លាំងធ្វើយ៉ាងណាឱ្យគម្រោងប្រព្រឹត្តទៅដោយរលូន និងបញ្ចប់ការសាងសង់តាមកាលកំណត់។

ឯកឧត្តម អ៊ឹម សុទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាល បានបញ្ជាក់ដែរថា ដោយមានការសហការល្អពីក្រសួងជំនាញពាក់ព័ន្ធ អាជ្ញាធរខេត្តទាំងបួន បានធ្វើឱ្យដំណើរការនៃគម្រោងសាងសង់ព្រែកជីហ្វូណនតេជោ បានបោះជំហានទៅមុខតាមនិតិវិធី និងលក្ខណៈបច្ចេកទេស។ ហើយចាប់ពីបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ មកដល់បច្ចុប្បន្ន អាចនិយាយបានថា ក្រុមការងារបានត្រៀមលក្ខណៈបច្ចេកទេសរួចរាល់ ខណៈកំណាត់ទី១ បាននិងកំពុងដំណើរការសាងសង់ជាប្រក្រតី។

ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងប្រវត្តិសាស្ត្រមួយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ។ ព្រែកជីកនេះនឹងផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពត ក៏ដូចជាការបង្ករបង្កើនផលរបស់ប្រជាកសិករព្រោះព្រែកជីកនេះ គឺជាផ្លូវទឹកដ៏សំខាន់សម្រាប់នាវាចរដឹកទំនិញតាមផ្លូវទឹក ការចេញចូលរបស់នាវាទេសចរណ៍ ពិសេសគឺជាផ្លូវដែលនាំប្រភពទឹកមកកាន់ខេត្តកំពត។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់អាជ្ញាធរស្រុក ឃុំ ភូមិទាំងអស់ដែលព្រែកជីកឆ្លងកាត់ ត្រូវរួមសហការជាមួយក្រុមការងារជំនាញសាងសង់ឱ្យបានល្អប្រសើរបំផុត ដើម្បីពន្លឿនការសាងសង់ឱ្យបានរួចរាល់តាមពេលវេលាកំណត់។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល, ខេត្តតាកែវ, ខេត្តកំពត និង ខេត្តកែប ដែលប្រវែងប្រមាណ ១៧៤,៥គីឡូម៉ែត្រ ចែកជា២កំណាត់ កំណាត់ទី១៖ មានប្រវែង ២១គីឡូម៉ែត្រ ដោយតភ្ជាប់ពីទន្លេមេគង្គ ទៅទន្លេបាសាក់ និងកំណាត់ទី២៖ មានប្រវែង ១៥៣,៥គីឡូម៉ែត្រ តាមបណ្តោយទន្លេបាសាក់ស្ថិតក្នុងខេត្តកណ្តាលបន្តរហូតដល់ខេត្តកែប។ ដោយឡែកក្នុងភូមិសាស្ត្រខេត្តកំពត ព្រែកជីកឆ្លងកាត់ស្រុកចំនួន៣ និងឃុំចំនួន១៦ មានចម្ងាយ ៤៣គីឡូម៉ែត្រ បានបោះបង្គោលរួចរាល់ ៨០១បង្គោល ក្នុងនោះ៖ ស្រុកអង្គរជ័យ៖ មានឃុំភ្នំកុង, ឃុំមរោម, និងឃុំដើមដូង។ ស្រុកបន្ទាយមាស៖ មានឃុំបន្ទាយមាសខាងលិច, ឃុំបន្ទាយមាសខាងកើត, ឃុំត្រពាំងសាលាខាងកើត, ឃុំត្រពាំងសាលាខាងលិច, ឃុំទូកមាសខាងកើត, ឃុំទូកមាសខាងលិច, ឃុំស្ដេចគង់ខាងលិច និងឃុំស្ដេចគង់ខាងជើង។ និងស្រុកកំពង់ត្រាច៖ មានឃុំប្រាសាទភ្នំខ្យង, ឃុំដំណាក់កន្ទួតខាងជើង, ឃុំអង្គសុរភី, ឃុំកំពង់ត្រាចខាងកើត និង ឃុំកំពង់ត្រាចខាងលិច៕
ដោយ ៖ សិលា សារិន
