ភ្លៀងធ្លាក់ ៣ថ្ងៃជាប់គ្នា បណ្តាលឲ្យភូមិចំនួន ៤១ នៅសៀមរាប រងការជន់លិច ផ្ទះជាង ៣៦០ខ្នង
(សៀមរាប)៖ ស្ថានភាពជំនន់ទឹកភ្លៀងនៅតំបន់ដែលរងផលប៉ះពាល់ ក្នុង ខេត្តសៀម រាប បានចាប់ផ្តើមស្រកចុះវិញជាបន្តបន្ទាប់។ ទោះជាយ៉ាងណា អាជ្ញាធរខេត្ត សូម អំពាវនាវឲ្យប្រជាពលរដ្ឋបន្តប្រយ័ត្នប្រយែងពីគ្រោះថ្នាក់អាចកើតមាន និងត្រៀមឆ្លើយតបជាប្រចាំ ជាពិសេសតំបន់ដែលងាយរងជន់លិច។ គិតត្រឹមព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ ស្ថានភាពជំនន់នៅក្នុងស្រុកទាំង៤ ដែលរងផលប៉ះពាល់ បានស្រកចុះតាមលំដាប់។

ក្នុងឱកាសចុះពិនិត្យផ្ទាល់ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ សហការធ្វើការវាយតម្លៃការខូចខាតឲ្យបានច្បាស់លាស់ ដើម្បីដាក់ផែនការជាក់លាក់ក្នុងការជួយសង្រ្គោះ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធឲ្យទាន់ពេលវេលា។

លោកក៏បានលើកទឹកចិត្តឲ្យអាជ្ញាធរមូលដ្ឋានបង្ហាញភាពម្ចាស់ការ ក្នុងពេលមានគ្រោះធម្មជាតិ ដោយត្រូវយកវិធានការទាំងអស់ក្នុងការការពារ និងដោះស្រាយបញ្ហា មិនឲ្យប៉ះពាល់ដល់សន្តិភាព និងជីវភាពប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សៀមរាប ពីការធ្លាក់ភ្លៀងជាប់ៗគ្នា ៣ថ្ងៃ (ថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ២០២៥) បានបណ្តាលឲ្យមានការជន់លិចលំនៅឋាន សាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក្នុងស្រុកចំនួន ៤ ស្មើនឹងភូមិចំនួន ៤១។ ការជន់លិចនេះ បានប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួនជាង ៣៦០ ខ្នង ៕
ដោយ ៖ ប៊ុនរដ្ឋ

