លោក Xi Jinping ព្រមានថា មនុស្សជាតិប្រឈមមុខនឹងជម្រើសរវាងសន្តិភាព ឬសង្គ្រាម
ប៉េកាំង ៖ ប្រធានាធិបតីចិន លោក Xi Jinping បានព្រមានថា ពិភពលោកកំពុងប្រឈមមុខនឹងជម្រើសមួយ គឺរវាងសន្តិភាព ឬសង្រ្គាម ខណៈការព្រមាននេះធ្វើឡើងនៅក្នុងសន្ទរកថាចាប់ផ្តើមក្បួនព្យុហយាត្រាយោធាដ៏ធំបំផុតមិនធ្លាប់មាន ដើម្បីប្រារព្ធខួបលើកទី៨០ នៃការចុះចាញ់សង្រ្គាមរបស់ជប៉ុន អំឡុងសង្រ្គាមលោកលើកទី២ ដែលចិនហៅថា ទិវាជ័យជម្នះថ្ងៃទី៣ ខែកញ្ញា។

សារព័ត៌មាន CNA បានរាយការណ៍ថា លោកប្រធានាធិបតី Xi បានព្រមាននៅក្នុងសុន្ទរកថាដែលមានរយៈពេលប្រហែល៧នាទីថា ថ្ងៃនេះ មនុស្សជាតិត្រូវជ្រើសរើសម្តងទៀត រវាងសន្តិភាព និងសង្រ្គាម, ការសន្ទនា និងការប្រឈមមុខគ្នា, កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងល្បែងនយោបាយចាញ់-ឈ្នះ។ លោកថា ប្រជាជនចិន ឈរយ៉ាងរឹងមាំលើភាពត្រឹមត្រូវនៃផ្នែកប្រវត្តិសាស្រ្ត និងវឌ្ឍនភាពនៃអរិយធម៌របស់មនុស្សជាតិ។
ការអត្ថាធិប្បាយរបស់មេដឹកនាំចិនមានវ័យ៧២ឆ្នាំរូបនេះ ធ្វើឡើងស្របពេលដែលភ្លើងសង្រ្គាមបានឆាបឆេះឡើងនៅអ៊ុយក្រែន និង តំបន់មជ្ឈិមបូព៌ា ខណៈសណ្តាប់ធ្នាប់ពិភពលោកបានធ្លាក់ចុះខ្លាំង ដោយសារការបែងចែកកាន់តែស៊ីជម្រៅ និង អ្វីដែលទីក្រុងប៉េកាំងមើលឃើញថា ការកើនឡើងគោលជំហរឯកតោភាគីនិយមកាន់តែខ្លាំងឡើងរបស់សហរដ្ឋអាមេរិក។
ទោះបីជាយ៉ាងណា លោកប្រធានាធិបតី Xi បានសង្កត់ធ្ងន់ថា ប្រទេសចិនបានប្តេជ្ញាចិត្តចំពោះផ្លូវនៃការអភិវឌ្ឍន៍ដោយសន្តិភាព ហើយថា ចិននឹងសហការជាមួយប្រជាជនគ្រប់ប្រទេស ដើម្បីកសាងសហគមន៍រួមវាសនាមួយសម្រាប់មនុស្សជាតិ។
បន្ទាប់ពីបញ្ចប់សុន្ទរកថា លោកប្រធានាធិបតី Xi បានធ្វើដំណើរតាមរថយន្ត ដើម្បីត្រួតពិនិត្យកងទ័ព និងសម្ភារៈយោធា អំឡុងពេលដង្ហែក្បួននៃទិវាខួបជ័យជំនះលើកទី៨០ របស់ចិន ដែលបញ្ចប់សង្គ្រាមលោកលើកទី២។
គួរកត់សម្គាល់ ក្បួនដង្ហែររំលឹកដល់ជ័យជំនះឆ្នាំ ១៩៤៥ លើចក្រភពជប៉ុននេះ ត្រូវបានចិនចាត់ទុកថា ជាសង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមប្រឆាំងពួកហ្វាស៊ីសពិភពលោក។
ប្រទេសចិនគឺជាមហាអំណាចដ៏សំខាន់មួយ និង បានស៊ូទ្រាំការរងទុក្ខវេទនាយ៉ាងធំសម្បើម អំឡុងជម្លោះពិភពលោក ដែលត្រូវបានគេប៉ាន់ស្មានថា បានបណ្តាលឱ្យមនុស្សស្លាប់ពី ៧០លាននាក់ទៅ៨៥លាននាក់ទូទាំងពិភពលោក។
យោងតាមការប៉ាន់ប្រមាណរបស់ទីក្រុងប៉េកាំង, ចិនមានអ្នកស្លាប់ និងរបួសជាង ៣៥លាននាក់ ភាគច្រើនជាទាហាន និងជនស៊ីវិល ដែលធ្វើឱ្យប្រទេសខ្លួនក្លាយជារោងមហោស្រពបង្ហូរឈាមធំបំផុតនៃសង្គ្រាមលោកលើកទីពីរ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា
