អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសួរសុខទុក្ខកងកម្លាំងមានសមត្ថកិច្ច ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពន្លត់អគ្គិភ័យជូនប្រជាពលរដ្ឋ
(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត, ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចុះពិនិត្យសម្ភារៈ មធ្យោបាយធ្វេីការ និងសំណេះសំណាល សួរសុខទុក្ខកងកម្លាំងមានសមត្ថកិច្ចក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពន្លត់អគ្គិភ័យជូនប្រជាពលរដ្ឋ។

គួររំលឹកថា រយៈពេល៩ ខែ ឆ្នាំនេះ ករណីអគ្គិភ័យបានឆាបឆេះលំនៅឋានរបស់ប្រជាពលរដ្ឋ ទ្រង់ទ្រាយមធ្យម មាន ៤ ករណី ស្ថិតក្នុងក្រុងកំពង់ចាម និងលក្ខណៈតូចតាច កើតឡើងតាមបណ្តាភូមិស្រុក ប៉ុន្តែគ្រប់ករណី គឺស្ថិតក្រោមការគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អពីសមត្ថកិច្ចយើង។

ជាការលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ច ដែលបានបំពេញការងារជូនប្រជាពលរដ្ឋបានល្អប្រសើ ស្របតាមការចង់បានរបស់ប្រមុខថ្នាក់ដឹកនាំ ឯកឧត្តម អ៊ុន ចាន់ដា បានកោតសរសើរ និងនាំយកថវិកាឧបត្ថម្ភរបស់រដ្ឋបានខេត្ត ជូនដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រួមនឹងបានបំពេញនូវការខ្វះខាតសម្ភារៈ បរិក្ខារ សម្រាប់ប្រើប្រាស់នៅក្នុងអង្គភាព ដើម្បីពង្រឹងប្រសិទ្ធភាពការងារឲ្យកាន់តែមានប្រសិទ្ធភាព និងសាកសិទ្ធភាព។

ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើឲ្យកងកម្លាំងយើងទាំងអស់ បន្តខិតខំយកចិត្តទុកដាក់បំពេញការងារឲ្យទទួលបានជោគជ័យ ដើម្បីរក្សាបាននូវស្ថានភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ៕
ដោយ ៖ លី ពៅ


