ក្រសួងសុខាភិបាលប្រកាសសូមឈប់ប្រើប្រាស់ផលិត Loveriya ចំនួនបីមុខ ជាបន្ទាន់ ព្រោះបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព

ភ្នំពេញ៖ក្រសួងសុខាភិបាលនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានប្រកាស អំពីរកឃើញផលិតផលបំប៉នសុខភាព និងគ្រឿងសម្អាង របស់ LOVE RIYA លួចដាក់សារធាតុសកម្មឱសថសម័យ និងសារធាតុគីមីប្រើប្រាស់លើសកម្រិត​ស្តង់ដា ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់។ក្រសួងក៏បានអំពាវនាវ ឱ្យឈប់ប្រើប្រាស់ផលិតផលចំនួនបីមុខជាបន្ទាន់ បើមិនចង់មានគ្រោះថ្នាក់ ដល់សុខភាពទេ។

ក្រសួងសុខាភិបាលបញ្ជាក់ថាយោងតាមលទ្ធផលវិភាគគុណភាពរបស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលបានបង្ហាញថា៖ផលិតផលបំប៉នសុខភាព ឈ្មោះ LOVE RIYA ថ្នាំលេបបាត់ជាំ ដែលគ្មានលេខបញ្ញិកាពីក្រសួង សុខាភិបាល មានលួចដាក់សារធាតុសកម្មឱសថ Tranexamic Acid។ សារធាតុ ឱសថ Tranexamic Acid ត្រូវបានគេប្រើប្រាស់ សម្រាប់ការ ឃាត់ឈាមក្រោមការត្រួតពិនិត្យរបស់វេជ្ជបណ្ឌិត ឬគ្រូពេទ្យ។

គ្រឿងសម្អាងចំនួន ២មុខ គ្មានលេខប្រវេទន៍ ពីក្រសួងសុខាភិបាលឈ្មោះ Loveriya Double White Body Lotion និង Loveriya ម្សៅលាប មុខព្យាបាលមុនសាច់ មុនអង្កាម មុនខ្វះ មុនផ្កាស្បូន ស្នាមជាំ មានផ្ទុក សារធាតុ គីមី Salicylic Acid និងបារត (Mercury) លើសកម្រិតស្តង់ដា ដែលបានកំណត់ក្នុងមគ្គទេ្ទសក៍ គ្រឿងសម្អាងអាស៊ាន។ សារធាតុគីមី Salicylic Acid លើសកម្រិតស្តង់ដាបង្កផលប៉ះពាល់ដល់សុខភាព ដូចជា ស្បែកស្ងួត រលាកស្បែក និងប្រតិកម្មអាល់ឡែស៊ីស្បែក។សារធាតុគីមី បារត (Mercury) លើស កម្រិតស្តង់ដាបង្កផលប៉ះពាល់ដល់សុខភាព ដូចជា ខ្សោយតម្រងនោម មហារីកស្បែក និងប៉ះពាល់ប្រព័ន្ធប្រសាទ។

ដើម្បីចៀសវាងការប្រើប្រាស់ផលិតផល ដែលមានផ្ទុកសារធាតុគ្រោះថ្នាក់ ឬសារធាតុលើសកម្រិតស្តង់ដា ខាងលើ ក្រសួងសុខាភិបាល សូមជម្រា បជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការទិញ និងប្រើប្រាស់ ផលិតផល​ទាំងបីមុខនេះជាបន្ទាន់។ ទន្ទឹមនេះដែរសូមសាធារណជន ទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ ផលិតផលបំប៉ន​សុខភាពគ្មានលេខបញ្ជីកា និងគ្រឿងសម្អាងគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល ដើម្បីចៀសវាង ការខាតបង់​ប្រាក់ និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិត ដោយផលិតផលទាំងនេះ ពុំធានាបាន នូវគុណភាព សុវត្ថិភាព ស្របតាម បទដ្ឋានបច្ចេកទេសឡើយ។

សូមជម្រាបថាក្រសួងសុខាភិបាលនាថ្ងៃទី១៥ ខែសីហាកន្លងទៅនិង ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជាមួយក្រុមការងារ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត កណ្តាល និងអាជ្ញាធរពាក់ព័ន្ធ បានចុះ អនុវត្ត​ច្បាប់នៅគេហដ្ឋានរបស់លោកស្រី ឆេង ស្រីរ័ត្ន ម្ចាស់គ្រឹះស្ថាន អាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាង ឡាហ្វ រីយ៉ា ឯ.ក ដោយបានស្រង់យកសំណាកផលិតផលបំប៉នសុខភាព ចំនួន ២មុខ និងគ្រឿងសម្អាង ចំនួន ១២មុខ មកវិភាគគុណភាព នៅមជ្ឈមណ្ឌល ជាតិពិសោធន៍សុខាភិបាល ដែល ក្នុងចំណោមនោះ មានផលិតផល​បំប៉ន​សុខភាពចំនួន ២មុខ និងផលិតផលគ្រឿងសម្អាងចំនួន ៣មុខ ដែលគ្មាន លេខបញ្ជីកា ឬលេខប្រវេទន៍ ពីក្រសួង​សុខាភិបាល។

ជាលទ្ធផលគឺដូចអ្វីដែលក្រសួងសុខាភិបាលប្រាប់ឱ្យដឹងនៅខាងលើ៕

ដោយ៖ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner