អ្នកការទូតឥណ្ឌា សម្លឹងឃើញក្លិបអ្នកកាសែតកម្ពុជា សម្រាប់កិច្ច​សហការដើម្បីផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌

ភ្នំពេញ៖ ក្នុងជំនួបជាលើកដំបូងកាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ឯកឧត្តម វណ្ណឡាលវ៉ូណា បយធ្លង់ (Vanlalvawana Bawitlung) បានប្រាប់លោក ពុយ គា ប្រធានក្លិប​អ្នកកាសែត​កម្ពុជា​​​​(ក.អ.ក.)ថា លោករីករាយ នឹងពង្រីកកិច្ចសហការជាមួយ​ក.អ.ក.លើវិស័យព័ត៌មាន ដើម្បីឈានទៅផ្សព្វផ្សាយ​លើផ្នែកផ្សេងៗទៀត​ជាច្រើនជាមួយកម្ពុជា ជាពិសេសវិស័យទេសចរណ៍ វប្បធម៌និងការវិនិយោគ។

ឯកឧត្តម Bawitlung ទទួលបានតែងតាំងមកបំពេញបេសកកម្មការទូត​ឥណ្ឌាប្រចាំកម្ពុជាមានរយៈពេល៧ខែហើយ។នៅទីស្នាក់ការ​ក.អ.ក. លោក ពុយ គា បានជម្រាបឯកឧត្តមឯកអគ្គរដ្ឋទូតអំពីប្រវត្តិសង្ខេបនៃក្លិបអ្នក​កាសែតកម្ពុជា មានអាយុកាល​ជាង២៥ឆ្នាំហើយ។បច្ចុប្បន្នក.អ.ក.មាន​សមាជិកសកម្មជាង ៦០០នាក់ ដែលកំពុងបំពេញ​វិជ្ជាជីវៈ​សារព័ត៌មាននៅ​ស្ថាប័នចំនួនជិត២០០នៅទូទាំងប្រទេស។

ក្លិបអ្នកកាសែតកម្ពុជាបាននិងកំពុងដើរតួនាទីក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងក្រមសីលធម៌ដល់អ្នកសារព័ត៌មាន ព្រមទាំងបានរៀបចំនូវវគ្គបណ្តុះ​បណ្តាលលើជំនាញចាំបាច់ផ្សេងៗទៀត ជាពិសេសលើវិស័យបច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា។ លោក ពុយ គា បន្តថា​ជាមួយគ្នានេះ ក.អ.ក. ក៏តែងរៀបចំ​វេទិកា​សារព័ត៌មាន​ជាមួយ​ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការសង្គមស៊ីវិល និងបណ្តាស្ថានទូតនានា ព្រមទាំងរៀបចំនូវដំណើរទស្សន​កិច្ច​អ្នក​សារព័ត៌មាន​ទៅកាន់តំបន់សក្តានុពលនានានៅទូទាំងប្រទេសកម្ពុជា។

ដើម្បីពង្រីកសកម្មភាពបន្ថែមទៀត លោក ពុយ គា បានស្នើដល់ស្ថានទូត​ឥណ្ឌា ពិនិត្យលទ្ធភាពក្នុងការជួយ​បណ្តុះ​បណ្តាលជំនាញចាំបាច់មួយ​ចំនួនដល់អ្នកសារព័ត៌មានកម្ពុជា ជាពិសេសលើជំនាញបច្ចេកវិទ្យាព័ត៌មាន។

ចំណែកឯកឧត្តម វណ្ណឡាលវ៉ូណា បយធ្លង់ បានបញ្ជាក់ជូនលោក ពុយ គា ថា រយៈពេល ៧ខែដែលលោកបាន​មក​បំពេញការងារនៅកម្ពុជា លោកបាន​ឃើញពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា លើគ្រប់វិស័យបើប្រៀប​ធៀប​ទៅនឹងឆ្នាំ២០០៩ ដែលលោកបានមកកម្ពុជាជាលើកដំបូង។

ឯកឧត្តមមានគូសរំលេចថា ឥណ្ឌា និងកម្ពុជា មានវប្បធម៌ និងប្រពៃណី​ស្រដៀងគ្នា ជាពិសេសការ​ប្រើប្រាស់ភាសា​សំស្ក្រឹត ហើយពលរដ្ឋឥណ្ឌា​ដែលបានមកកម្ពុជា សុទ្ធតែបង្ហាញការពេញចិត្តចំពោះការរស់នៅទីនេះ ជាពិសេសនៅ​រាជធានីភ្នំពេញ និងខេត្តសៀមរាប។ ប៉ុន្តែឯកឧត្តមឯក​អគ្គរដ្ឋទូត បានលើកឡើងថា ចំនួនភ្ញៀវទេសចរ​ឥណ្ឌាមក​កម្ពុជា នៅមាន​កម្រិត បើធៀបទៅនឹងប្រទេសនានាក្នុងតំបន់។

ក្នុងន័យនេះឯកឧត្តមសង្ឃឹមថា ស្ថានទូតឥណ្ឌា និងក្លិបអ្នកកាសែតកម្ពុជា អាចសហការគ្នាលើការងារ​ផ្សព្វផ្សាយ​ពីវិស័យទេសចរណ៍ និងវប្បធម៌នៃ​ប្រទេសទាំងពីរ ដើម្បីទាក់ទាញភ្ញៀវទេសចរពីឥណ្ឌា​ឱ្យបានកាន់តែច្រើន​បន្ថែមទៀត៕


ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner