ដែនជម្រកសត្វព្រៃលំផាត់ជាទីតាំងត្រូវបានរដ្ឋាភិបាលអនុញ្ញាតឱ្យដំណើរការគម្រោងឥណទានកាបូនរេដបូក
(ភ្នំពេញ)៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia) កាលពីអំឡុងពាក់កណ្តាលខែសីហា ឆ្នាំ ២០២៥ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងដៃគូ ដើម្បីដំឡើងស្លាកសញ្ញាស្វាគមន៍ថ្មីចំនួន៣ គឺ២នៅតាមបណ្តោយផ្លូវជាតិលេខ៧៨A ក្នុងខេត្តរតនគិរី និងមួយនៅភូមិមេមុំ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
អង្គការជីវិតធម្មជាតិនៅកម្ពុជាឱ្យដឹងនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ថា គោលបំណងសំខាន់នៃការតំឡើងស្លាកនេះ គឺដើម្បីជាការជូនដំណឹងដល់ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលធ្វើដំណើរឆ្លងកាត់ថា ពួកគាត់បានមកដល់ និងចាកចេញពីដែនជម្រកសត្វព្រៃលំផាត់ដែលជាទីតាំងដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតជាផ្លូវការណ៍ឱ្យដំណើរការគម្រោងឥណទាកាបូន រេដបូក។ ជាពិសេសស្លាកសញ្ញាទាំងនេះមានតួនាទីជួយលើកកម្ពស់ការយល់ដឹងសាធារណៈអំពីតម្លៃធម្មជាតិ និងសត្វព្រៃកម្រៗជាច្រើនប្រភេទដែលមានក្នុងដែនជម្រកសត្វព្រៃនេះដូចជា ដំរី ត្រយងយក្ស ត្រយងចង្កំកស ត្មាត ខ្ទីង ទន្សោង ក្ងោក និងក្រៀល ជាដើម។
គួរបញ្ជាក់ថា អង្គការជីវិតធម្មជាតិនៅកម្ពុជាបានសហការរវាងអង្គភាពពាក់ព័ន្ធជាច្រើន រួមមានថ្នាក់ដឹកនាំស្រុកកោះញែក ស្រុកលំផាត់ ស្រុកកូនមុំ ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តរតនគិរីនិងមណ្ឌល់គិរី ដែនជម្រកសត្វព្រៃលំផាត់ និងសហគមន៍មូលដ្ឋាន ក្នុងការរួមចំណែកផ្សព្វផ្សាយពីទីតាំងអនុវត្តគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ សារៈសំខាន់នៃការអភិរក្សនិងការពារសត្វព្រៃ និង ព្រៃឈើសម្រាប់ជាប្រយោជន៍ដល់មនុស្សជំនាន់នាពេលនេះ និង ទៅថ្ងៃអនាគត៕




ដោយ ៖ ម៉ាដេប៉ូ