Google បង់សំណងជាង៤០០លានដុល្លារ ក្នុងបណ្តឹងបំពានឯកជនភាព
វ៉ាស៊ីងតោន ៖ តុលាការសហព័ន្ធរបស់សហរដ្ឋអាមេរិក បានបង្គាប់ឲ្យក្រុមហ៊ុន បច្ចេកវិទ្យា Google បង់ប្រាក់សំណង ចំនួន៤២៥លានដុល្លារ ក្នុងបណ្តឹងបំពានឯកជនភាព។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC នៅថ្ងៃទី៤ ខែកញ្ញានេះ
តុលាការរកឃើញថា ក្រុមហ៊ុនស្វែងរកទិន្នន័យដ៏ធំលើអ៊ីធឺណេត មួយនេះ បានរំលោភលើភាពឯកជន របស់អ្នកប្រើប្រាស់ ដោយប្រមូលទិន្នន័យ ពីគណនី រាប់លាននាក់ ទោះបីជា ពួកគេបានបិទមុខងារតាមដាន នៅក្នុងគណនី Google ក៏ដោយ។
ជុំវិញការសម្រេចនេះ អ្នកនាំពាក្យរបស់ Google បានប្រាប់ BBC ថា នឹងប្តឹងឧទ្ធរណ៍ ដោយបានថ្លែងការពារថា ឧបករណ៍ឯកជនភាពរបស់ខ្លួន ផ្តល់ឱ្យអ្នកប្រើប្រាស់ នូវការគ្រប់គ្រងលើទិន្នន័យត្រឹមត្រូវ ហើយ នៅពេលដែលពួកគេបិទការកំណត់ផ្ទាល់ខ្លួន យើង ក៏តែងតែគោរព ជម្រើសនោះ។
សាលក្រមនេះ បានមានកើតឡើង បន្ទាប់ពីអ្នកប្រើប្រាស់ Google ប្រហែល ៩៨ លាននាក់ និងឧបករណ៍ចំនួន ជាង១៧០លានគ្រឿង ត្រូវបានប្តឹង កាលពីខែកក្កដា ឆ្នាំ២០២០។
ដើមបណ្តឹង បានចោទប្រកាន់ ថា ការអនុវត្តការប្រមូលទិន្នន័យរបស់ Google បានពង្រីក ដល់រាប់រយ រាប់ពាន់កម្មវិធី នៅស្មាតហ្វូន រួមទាំង កម្មវិធីសម្រាប់ក្រុមហ៊ុនមធ្យោបាយធ្វើដំណើរ ដូចជា Uber និង Lyft, ក្រុមហ៊ុនអេឡិចត្រូនិកយក្ស Alibaba និង Amazon ព្រមទាំង បណ្តាញសង្គមរបស់ Meta មានដូចជា Instagram និង Facebook ៕
ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត