រុស្ស៊ីប្តេជ្ញាជួយចិន វ៉ាដាច់អាមេរិក លើថាមពលនុយក្លេអ៊ែរ
មូស្គូ៖ លោក Alexei Likhachev ប្រធានសាជីវកម្មនុយក្លេអ៊ែររដ្ឋ រុស្ស៊ី Rosatom បានអះអាងថា រដ្ឋាភិបាលវិមានក្រឹមឡាំង ប្តេជ្ញាជួយចិន វ៉ាដាច់សហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសផលិតថាមពលនុយក្លេអ៊ែរ ដ៏ធំបំផុត របស់ពិភពលោក។
អំឡុងការថ្លែងអត្ថាធិប្បាយ ដែលត្រូវបានចាក់ផ្សាយ តាមទូរទស្សន៍រដ្ឋ កាលពីថ្ងៃទី៣ ខែកញ្ញា លោក Alexei Likhachev បានលើកឡើងថា «ប្រទេសចិនមានផែនការមហិច្ឆិតា សម្រាប់ការអភិវឌ្ឍថាមពលអាតូមិក»។ នៅពេលត្រូវបានសួរ ថាតើ រុស្ស៊ីនឹងជួយចិន ក្នុងគោលដៅ នោះឬអត់ លោក Likhachev បាននិយាយថា «ពិតណាស់ យើងនឹងជួយ…យើងកំពុងជួយរួចហើយ»។
លោក Likhachev បាននិយាយថា ប្រទេសរុស្ស៊ីបានជួយសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរ ចំនួន៤ រួចហើយ នៅក្នុងប្រទេសចិន ហើយ កំពុងសាងសង់ចំនួន ៤ បន្ថែមទៀត ហើយប្រទេសចិនត្រូវការបរិមាណដ៏ច្រើន នៃសារធាតុអ៊ុយរ៉ាញ៉ូម និងឥន្ធនៈនុយក្លេអ៊ែរ សម្រាប់ផែនការមហិច្ឆតា របស់ខ្លួន។
លោក បាននិយាយថា ជាលទ្ធផល ប្រទេសចិននឹងត្រូវអភិវឌ្ឍម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរបិទជិត ជំនាន់ថ្មី ដោយផ្អែកលើបច្ចេកវិទ្យារបស់រុស្ស៊ី។
នៅក្នុងការប្រកួតប្រជែង រវាងមហាអំណាចទាំងពីរ សហរដ្ឋអាមេរិកបានដំណើរការបណ្តាញរ៉េអាក់ទ័រនុយក្លេអ៊ែរធំជាងគេនៅក្នុងពិភពលោក ដោយមានសមត្ថភាពដំឡើង ជិត ៩៧ ជីហ្គាវ៉ាត់ (GW)។ រីឯ ប្រទេសចិន មានកម្លាំងម៉ាស៊ីនរ៉េអាក់ទ័រថាមពលនុយក្លេអ៊ែរ ចំនួន ៥៣.២ GW គិតត្រឹមខែមេសា ឆ្នាំ២០២៤ ហើយ រដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រ រាប់សិបគ្រឿង បន្ថែមទៀត នេះបើយោងតាមរដ្ឋបាលព័ត៌មានថាមពល របស់សហរដ្ឋអាមេរិក៕
ប្រភពពី រយធឺ ប្រែសម្រួល៖ សារ៉ាត