បែកធ្លាយសំឡេងជជែកគ្នារវាងលោក ស៊ី ជីនពីង និងលោក ពូទីន រឿងធ្វើឲ្យមនុស្សអាចរស់ដល់អាយុ ១៥០ ឆ្នាំ
ប៉េកាំង ៖ នៅពេលប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ដើរទន្ទឹមគ្នានឹងប្រមុខរដ្ឋចិន លោក ស៊ី ជីនពីង កាលពីថ្ងៃពុធ Microphone មួយបានថតជាប់សំឡេងរបស់មេដឹកនាំទាំងពីរកំពុងជជែកគ្នាពីការវះកាត់ប្ដូរសរីរាង្គ និងលទ្ធភាពដែលមនុស្សអាចរស់នៅបានដល់អាយុ ១៥០ឆ្នាំ។
សារព័ត៌មាន The Straits Times បានរាយការណ៍ថា ការបែកធ្លាយសំលេងមេដឹកនាំទាំងពីរពិភាក្សាគ្នាអំពីរឿងនេះ អំឡុងលោក ពូទីន និងលោក ស៊ី បានដើរទន្ទឹមគ្នានឹងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឯពិធីព្យុហយាត្រាយោធារបស់ចិននៅទីក្រុងប៉េកាំង ដើម្បីរំលឹកដល់ខួប៨០ឆ្នាំនៃការបិទបញ្ចប់សង្រ្គាមលោកលើកទី២។
ការថតជាប់សំឡេងជជែកគ្នារវាងលោក ពូទីន និងលោក ស៊ី ជីនពីង ពេលកំពុងផ្សាយផ្ទាល់ ត្រូវបានចែកចាយដោយទូរទស្សន៍រដ្ឋចិន CCTV ទៅឱ្យប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ក្នុងនោះរួមមានទាំង AP និង Reuters។ យោងតាមរដ្ឋបាលវិទ្យុ និងទូរទស្សន៍ចិន បានឱ្យដឹងថា ការផ្សាយផ្ទាល់ពិធីព្យុហយាត្រាយោធារបស់ CCTV មានអ្នកចូលទស្សនា ១.៩ពាន់លានដងនៅលើអនឡាញ និងជាង ៤០០នាក់តាមកញ្ចក់ទូរទស្សន៍។
តាមសំឡេងដែល Microphone ថតជាប់ ខណៈលោក ពូទីន និងលោក ស៊ី ដើរទន្ទឹមគ្នាឆ្ពោះទៅកាន់ទីលាន Tiananmen អ្នកបកប្រែរបស់លោក ពូទីន ត្រូវបានគេស្ដាប់ឮថា បានបកប្រែជាភាសាចិនថា ជីវបច្ចេកវិទ្យាកំពុងបន្តអភិវឌ្បន៍។ អ្នកបកប្រែរូបនេះបន្ថែមថា សរីរាង្គរបស់មនុស្សអាចត្រូវបានវះកាត់ប្ដូរដែលអាចធ្វើឱ្យមានអាយុវែង កាន់តែក្មេងជាងវ័យ និង រហូតដល់អាចមាន ជីវិតអមតៈក៏ថាបាន។
ជាការឆ្លើយតប លោក ស៊ី ត្រូវបានគេស្ដាប់ឮឆ្លើយតបជាភាសាចិនថា មានការព្យាករខ្លះថា នៅក្នុងសតវត្សនេះមនុស្សប្រហែលជាអាចរស់នៅបានដល់អាយុ ១៥០ឆ្នាំ។ រីឯលោក គីម ជុងអ៊ុន វិញបានញញឹម និងសម្លឹងទៅកាន់លោក ពូទីន និងលោក ស៊ី ។ តែគេមិនច្បាស់ថាតើការសន្ទនារវាងលោក ពូទីន និងលោក ស៊ី ត្រូវបានបកប្រែឱ្យលោក គីម ដែរឬក៏យ៉ាងណានោះទេ។
យ៉ាងណា បន្ទាប់ពីបែកធ្លាយសំលេងនេះ ទាំងរដ្ឋាភិបាលរុស្ស៊ី និងក្រសួងការបរទេសចិន មិនបានធ្វើការឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ប្រព័ន្ធផ្សព្វផ្សាយនោះទេ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា
