សហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីង នឹងរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹក “ទូកនាគ” ថ្នាក់ ដើម្បីពង្រីកធនធានគ្រូបង្វឹក

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជា (CCRF) បានចេញសេចក្តីប្រកាសរបស់ខ្លួននឹងរៀបចំ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្រោមការគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ និងលើកកម្ពស់សមត្ថភាពបច្ចេកទេសរបស់គ្រូបង្វឹកក្នុងវិស័យកីឡាទូកប្រពៃណីខ្នាត់អន្តរជាតិ។

យោងតាមប្រសាសន៍ ឯកឧត្តមបណ្ឌិត មាស សារិន អគ្គលេខាធិការប្រតិបត្តិសហព័ន្ធ បានគូសបញ្ជាក់ថា ៖ “វគ្គបណ្តុះបណ្តាលនេះមិនត្រឹមតែជួយបង្កើនសមត្ថភាពឱ្យគ្រូបង្វឹកប៉ុណ្ណោះទេ ប៉ុន្តែជាជំហានសំខាន់ក្នុងការទ្រទ្រង់ឱ្យកីឡាទូកប្រពៃណីកម្ពុជា មានភាពស៊ាំ និងប្រកួតប្រជែងបានកាន់តែខ្ពស់ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ឯកឧត្តម ជឿជាក់ថា ការចូលរួមរបស់គ្រូបង្វឹកពីរាជធានី-ខេត្តនឹងធ្វើឱ្យកីឡានេះរីកចម្រើនប្រកបដោយចីរភាព។

កម្មវិធីវគ្គបណ្តុះបណ្តាលនេះកើតឡើងបន្ទាប់ពីមាន ចំណារឯកភាពដ៏ខ្ពង់ខ្ពស់ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ដោយ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជា។

យោងតាមសេចក្តីជូនដំណឹង សហព័ន្ធបានស្នើឱ្យគណៈអភិបាលរាជធានី–ខេត្ត និងសមាគមកីឡាប្រណាំងទូក ក្នុងរាជធានី–ខេត្តនីមួយៗ ចាត់ឱ្យមាន គ្រូបង្វឹក និងគ្រូជំនួយ ចំនួន ០២ នាក់ ចូលរួមរៀនក្នុងវគ្គនេះ។

សម្រាប់ចំណាយស្នាក់នៅ អាហារ និងថ្លៃធ្វើដំណើរ នឹងជាបន្ទុករបស់ក្រសួង ស្ថាប័ន និងរាជធានី–ខេត្ត។ការរៀបចំវគ្គនេះមានគោលបំណងដ៏សំខាន់ក្នុងការបង្កើនចំណេះដឹង និងបច្ចេកទេសទំនើបអោយគ្រូបង្វឹកជាតិ ដើម្បីអាចបន្តបង្រៀន អភិវឌ្ឍ និងលើកកម្ពស់កីឡាករទូកប្រពៃណីឱ្យមានសមត្ថភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner