អាជ្ញាធរ មីនកម្ពុជា បើកយុទ្ធនាការផ្សព្វផ្សាយ និងដំឡើងផ្ទាំងប៉ាណូអប់រំ អំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ និង មីន ដល់សិស្សានុសិស្ស
(ខេត្តបន្ទាយមានជ័យ)៖ យុទ្ធនាការផ្សព្វផ្សាយ និង ដំឡើងផ្ទាំងប៉ាណូអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ និង មីន ទៅដល់សិស្សានុសិស្ស បានប្រារព្ធឡើងនៅ វិទ្យាល័យស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលរៀបចុះឡើងដោយអាជ្ញាធរ មីននៅកម្ពុជា កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ។
លោក ងិន សិទ្ធី មេឃុំស្វាយចេក បានឲ្យដឹងថា យុទ្ធនាការនេះ ដើម្បីអប់រំឲ្យសិស្សានុសិស្សក៏ដូចជាប្រជាពលរដ្ឋយល់ច្បាស់ និង ចៀសផុត ពីបញ្ហាគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌគ្រឿងផ្ទុះ និង គ្រាប់មីន ដ្បិតស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជាសមរភូមិក្ដៅ ពីអតីតកាលសម័យសង្គ្រាមស៊ីវិល ។
លោក ឈឿន ក្រៃយ៉ុង អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ផងដែរពី រយៈពេល ២៨ឆ្នាំមកនេះ គិតពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៩៨ កម្ពុជា បានទទួលរងនូវសង្គ្រាមស៊ីវិល ដោយបានបន្សល់នូវ គ្រាប់មីន និងគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ ដែលបានកប់ក្នុងដីរាប់លានតោន ដែលមកទល់ពេលនេះ នៅតែបន្តគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋកម្ពុជា ។ ប៉ុន្តែក្រោមការដឹកនាំរបស់សម្ដេចតេជោ និង បន្តការដឹកនាំពីសម្តេចបវរធិបតី កម្ពុជាមានសុខសន្តិភាពនិងការអភិវឌ្ឍ។ ហើយប្រជាពលរដ្ឋមានជំនឿជាក់លើការដឹកនាំក្នុងការរក្សាបាននូវសុខសន្តិភាព ។
គិតចាប់ពីឆ្នាំ១៩៩២ ដល់ដំណាច់ឆ្នាំ ២០២៤ រយៈពេល ៣២ឆ្នាំ ខេត្តបន្ទាយជ័យ បានធ្វើការបោសសម្អាតផ្ទៃដីបានជាង ៣៥១ គីឡូម៉ែត្រក្រឡា រកឃើញ និង កំទេចមីនប្រឆាំងមនុស្ស ២៣៤,៦២២ គ្រាប់ មីនប្រឆាំងរថក្រោះ ៤,៤៤៨គ្រាប់ និងសំណល់ជាតិផ្ទះពីសង្គ្រាម ២៦៣,៩០៤ គ្រាប់ ៕






ដោយ ៖ គៀប ច័ន្ទហ៊ីន