សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យសហរដ្ឋអាមេរិក តាមដានចំពោះការបន្តដាក់បន្លាលួសរបស់ថៃ នៅព្រំដែនកម្ពុជា និង ថៃ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីព្រួយបារម្ភ ចំពោះស្ថានការណ៍ចុងក្រោយ នៃបញ្ហាព្រំដែនកម្ពុជា និង ថៃ ជាពិសេស ការបន្តដាក់បន្លាលួសជាបន្តបន្ទាប់ ដែលចំណុចនេះ សម្ដេច ចង់ឱ្យសហរដ្ឋអាមេរិក តាមដានយកចិត្តទុកដាក់ចំពោះបញ្ហាដែលកំពុងកើតមានឡើង ដើម្បីធ្វើយ៉ាងណា ធានាឲ្យបាននូវការគោរពបទឈប់បាញ់ឲ្យបានពេញលេញ ។

ការលើកឡើងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យ លោកជំទាវ Bridgette L. Walker ភារធារីស្តីទី នៃស្ថានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានពន្យល់ទៅកាន់លោកជំទាវភារធារីស្តីទី ទាក់ទងទៅនឹងរឿងរ៉ាវនៃជម្លោះព្រំដែន កម្ពុជា-ថៃ និងស្ថានភាពវិវត្តន៍ចុងក្រោយនៃបញ្ហានេះ ក្រោយពីមានបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា។

សម្ដេចតេជោ លើកឡើងចំៗ ចំពោះលោកជំទាវភារធារីស្តីថា បទឈប់បាញ់ដែលកម្ពុជា និងថៃ មានជាមួយគ្នាកាលពីថ្ងៃ២៨ កក្កដាកន្លងទៅនេះ គឺមិនអាចកើតមានបានឡើយ ប្រសិនបើមិនមានគំនិតផ្តួចផ្តើមរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក្នុងការចូលរួមចំណែកជួយដោះស្រាយឱ្យទាន់ពេលវេលានោះទេ ។

សម្ដេចតេជោ បានអរគុណយ៉ាងខ្លាំងចំពោះការចាត់វិធានការទាន់ពេលវេលារបស់រដ្ឋបាល ឯកឧត្តម ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដែលបានយកចិត្តទុកដាក់ក្នុងការតាមដាន និងដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ សម្ដេច បានបញ្ជាក់ថា បទឈប់បាញ់តាមរយៈការចូលរួមចំណែកពី ឯកឧត្តម ដូណាល់ ត្រាំ គឺបានជួយដល់ប្រទេសទាំងសងខាង ជាពិសេស កុំឱ្យមានទាហាន និងប្រជាពលរដ្ឋស្លាប់ក្នុងការផ្ទុះអាវុធបន្តទៀត។

សម្ដេចតេជោ ក៏បានបង្ហាញនូវក្តីព្រួយបារម្ភចំពោះស្ថានការណ៍ចុងក្រោយនៃបញ្ហាព្រំដែនកម្ពុជា និងថៃ ជាពិសេសការបន្តដាក់បន្លាលួសជាបន្តបន្ទាប់ ដែលចំណុចនេះសម្ដេចចង់ឱ្យសហរដ្ឋអាមេរិកតាមដានយកចិត្តទុកដាក់ចំពោះបញ្ហាដែលកំពុងកើតមានឡើង ដើម្បីធ្វើយ៉ាងណាធានាឲ្យបាននូវការគោរពបទឈប់បាញ់ឲ្យបានពេញលេញ ។

សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជា បានអត់ធ្មត់គ្រប់បែបយ៉ាង ដើម្បីធានាការគោរពបទឈប់បាញ់ដែលបានសម្រេចជាមួយគ្នា ហើយជាជំហររបស់កម្ពុជា គឺកម្ពុជាចង់ឱ្យស្ថានភាពព្រំដែនកម្ពុជា ថៃ ត្រឡប់មករកភាពប្រក្រតីឡើងវិញ។ សម្ដេចបន្តថា កម្ពុជា ចង់បានអ្នកសង្កេតការណ៍ជាក់លាក់ ដើម្បីធានានូវការអនុវត្តនូវបទឈប់បាញ់នេះឱ្យមានប្រសិទ្ធភាព។

ជាការឆ្លើយតប លោកជំទាវ Bridgette L. Walker បានអរគុណសម្ដេចតេជោដែលបានពន្យល់យ៉ាងក្បោះក្បាយជុំវិញបញ្ហាព្រំដែនកម្ពុជា និងថៃ។ លោកជំទាវ បានបញ្ជាក់ថា សហរដ្ឋអាមេរិក ជាពិសេស ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក គឺបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះដំណើរការវិវត្តន៍ ដូចជា បញ្ហាប្រឈមព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-ថៃ ហើយជាជំហររបស់សហរដ្ឋអាមេរិក គឺចង់ឃើញនូវការវិវត្តន៍ព្រំដែន កម្ពុជា-ថៃ វិលទៅរកភាពប្រក្រតីឡើងវិញ ពោលគឺសហរដ្ឋអាមេរិក ចង់ឃើញសន្តិភាពកើតមានឡើងសម្រាប់ប្រទេសទាំងពីរ ។

លោកជំទាវបានបញ្ជាក់ទៀតថា សហរដ្ឋអាមេរិក ចង់ឲ្យភាគីទាំងពីរអនុវត្ត ក៏ដូចជាការបង្កើតឲ្យមានអ្នកសង្កេតការណ៍អាស៊ាន ដូចអ្វីដែលភាគីទាំងពីរ បានឯកភាពគ្នានៅពេលកន្លងទៅ ហើយអាមេរិក នឹងខិតខំជំរុញឲ្យមានអ្នកសង្កេតការណ៍អាស៊ាន ដូចអ្វីដែលភាគីទាំងពីរ បានឯកភាពគ្នានាពេលកន្លងទៅនោះ ។

ឆ្លៀតនៅក្នុងឱកាសនេះ សម្ដេចតេជោ ក៏បានអរគុណចំពោះសហរដ្ឋអាមេរិកដែលបានផ្ដល់ជាជំនួយមនុស្សធម៌ដល់ជនភៀសសឹកក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ថ្មីៗនេះ ។

នៅក្នុងជំនួបនេះ លោកជំទាវភារធារី ក៏លើកឡើងពីបញ្ហាអន្តោប្រវេសន៍កម្ពុជានៅសហរដ្ឋអាមេរិក ដែលត្រូវធ្វើមាតុភូមិនិវត្តន៍ ដោយលោកជំទាវ បានស្នើដល់សម្ដេចតេជោ សុំការគាំទ្រ និងសម្របសម្រួលពាក់ព័ន្ធទៅនឹងបញ្ហានេះ។

ជាការឆ្លើយតប សម្ដេចតេជោ នឹងខិតខំប្រឹងប្រែងប្រាប់ដល់រាជរដ្ឋាភិបាលកម្ពុជា ឱ្យយកចិត្តទុកដាក់ចំពោះការទទួលយកនូវជនជាតិខ្មែរដែលត្រូវធ្វើមាតុភូមិនិវត្តន៍។ សម្ដេចតេជោ បានបញ្ជាក់ថា បញ្ហានេះមិនមែនជាបញ្ហាថ្មីនោះទេ វាជាបញ្ហាចាស់តាំងពីសម្ដេចនៅជានាយករដ្ឋមន្ត្រីមកម្លេះហើយទោះបីជាក្នុងកាលៈទេសៈណាក៏ដោយពួកគាត់ជាជនជាតិខ្មែរ នៅពេលដែលសហរដ្ឋអាមេរិកបញ្ជូនមកវិញ គឺយើងត្រូវតែយកចិត្តទុកដាក់ និងទទួលឲ្យពួកគាត់មករស់នៅប្រទេសកម្ពុជាវិញ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner