ឯកឧត្តម ឃួង ស្រេង សូមឱ្យសមាជិក គណបក្សប្រជាជនកម្ពុជា គោរពលក្ខន្តិកៈរបស់គណបក្ស និង សាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ
(ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បាន សំណូមឱ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ គោរពលក្ខន្តិកៈរបស់គណបក្ស សាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ព្រោះវាជាកត្តាសំខាន់ណាស់ក្នុងការដណ្តើមជ័យជំនៈ និងសូមរួមដំណើរជាមួយគ្នា ទាំងការផ្តល់សេវាសាធារណៈនិងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។
ការសំណូមពរ របស់ ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់ផ្សារចាស់និងគណៈកម្មាធិការគណបក្ស សង្កាត់វត្តភ្នំខណ្ឌដូនពេញ នាល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ។
ឯកឧត្ដម ឃួង ស្រេង បានលើកឡើងទៀតថា ដើម្បីឈ្នះឆ្នោត គណបក្សប្រជាជនកម្ពុជា បានដាក់ចេញទិសដៅច្បាស់លាស់ ។ គណបក្សប្រជាជនកម្ពុជានៅថ្នាក់មូលដ្ឋានសង្កាត់ ប្រៀបបាននឹងទាហាននៅជួរមុខ ក្នុងការដណ្តើមយកជ័យជំនៈក្នុងការបោះឆ្នោត ដើម្បីឱ្យថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានដឹកនាំរាជរដ្ឋាភិបាលបន្តទៀត។
នៅកម្ពុជា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានបហិច្ចតាដឹកនាំប្រទេសកម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។
លោកប្រធានគណៈកម្មាធិការគណបក្ស សង្កាត់ផ្សារចាស់ បានលើកឡើងពីភូមិសាស្ត្រក្នុងសង្កាត់ និងប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់។ គណបក្សសង្កាត់ មានសាមគ្គីភាពផ្ទៃក្នុងល្អ បម្រើសេវាជូនប្រជាពលរដ្ឋបានល្អ ទទួលបានការកោតសរសើរ និងគោរពស្រលាញ់ពីប្រជាពលរដ្ឋ។
ចំណែកប្រធានគណៈកម្មាធិការគណបក្ស សង្កាត់វត្តភ្នំ ក៏បានលើកឡើងពីសភាពការណ៍រួមនៅក្នុងមូលដ្ឋាន ចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់ សង្កាត់ អនុវត្តបានល្អ ធ្វើឱ្យប្រជាពលរដ្ឋ ទទួលបានការជឿទុកចិត្តនិងមានភាពកក់ក្តៅ។ បានសហការទប់ស្កាត់ក្មេងទំនើងបានល្អ។ សង្កាត់បានចុះពិនិត្យដោយផ្ទាល់នៅតាមសណ្ឋាគារ និងបានធ្វើកិច្ចសន្យា មិនឱ្យមានការលួចលាក់ បើកល្បែងស៊ីសងខុសច្បាប់។ បន្ថែមពីនេះ សង្កាត់វត្តភ្នំទទួលបានចំណាត់ថ្នាក់លេខ១ ពីក្រសួងបរិស្ថាន ជាទីក្រុងស្អាត។ ប្រជាពលរដ្ឋ ប្រកបមុខរបរលក់ដូរ ដាច់ខ្លាំងជាងមុន សម្រាប់ថ្ងៃសោរ៍និងថ្ងៃអាទិត្យ ពោលគឺក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ បានបើកឱ្យមានផ្លូវថ្មើជើងចតុមុខ៕






ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ