រដ្ឋមន្រ្តីសុខាភិបាល ៖ មូលដ្ឋានសុខាភិបាលគ្រប់កម្រិត ត្រូវមានការស្រាវជ្រាវ សំដៅពង្រឹងគុណភាពក្នុងអង្គភាពខ្លួនកាន់តែប្រសើរឡើង

(ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជំរុញឱ្យមូលដ្ឋានសុខាភិបាលគ្រប់កម្រិត ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវក្នុងប្រទេស និងតំបន់ ដើម្បីពង្រឹងសមត្ថភាពរបស់ស្ថាប័នក្នុងការវិភាគ សិក្សាស្រាវជ្រាវលើវិស័យសុខាភិបាល និងគាំទ្រគោលនយោបាយសុខាភិបាលជាតិ ជាមួយគ្នានោះក៏ត្រូវចូលរួមជួយបណ្តុបណ្តាល និងពង្រឹងសមត្ថភាពធ្វើការសិក្សាស្រាវជ្រាវ ដល់អង្គភាពផ្សេងៗទៀត ដើម្បីពង្រីកមូលធនមនុស្សលើការងារសិក្សាស្រាវជ្រាវ ដែលជាទុនក្នុងការពង្រឹងការផ្តល់សេវា ក៏ដូចជាការធ្វើនវានុវត្តនៃការធ្វើរោគវិនិច្ឆ័យដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្រ្ត។

ការជំរុញបែបនេះរបស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ក្នុងពិធីបើកសន្និសិទថ្នាក់ជាតិលើកទីមួយស្តីពី ទស្សនវិស័យ និងការផ្លាស់ប្តូរបទពិសោធន៍គោលនយោបាយសុខភាពសាធារណៈ (Cambodia Public Health Outlook and Policy Exchange Conference:C-HOPE2025) ក្រោមមូលបទ “ការដោះស្រាយបន្ទុកនៃជំងឺមិនឆ្លង៖ យុទ្ធសាស្ត្រថែទាំសុខភាពបឋមប្រកបដោយភាពច្នៃប្រឌិត” នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកអំពីសុខភាពបឋម ដែលទាមទារការយកចិត្តទុកដាក់ខ្ពស់ រាប់ចាប់ពីកម្រិតមណ្ឌលសុខភាព ដែលជួយស្វែងរក និងការពារជំងឺមិនឆ្លងចម្បង ដូចជា លើសឈាម ទឹកនោមផ្អែក និងការវិត្តន៍ទៅជាជំងឺមហារីក ឱ្យបានទាន់ពេលវេលា និងការផ្តល់សេវាប្រឹក្សាបានទាន់ពេលវេលា។

ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ថ្នាក់ដឹកនាំ ត្រូវពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាលបន្ថែមទៀតដោយការ បណ្តុះបណ្តាល រកយន្តការនៃការជំរុញ និងការស្វែងយល់ បង្កើនមធ្យោយបាយជួយគាំទ្រ និងជួយតាមដាន ជាពិសេសការប្រើប្រាស់ Telemedicine សុខភាពឌីជីថល។ មន្ទីរសុខាភិបាល ត្រូវបង្កើនការសហការជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍ ដោយត្រូវជួយជំរុញប្រជាពលរដ្ឋ ទៅទទួលសេវាសុខាភិបាល ឱ្យបានទាន់ពេលវេលា និងត្រូវឱ្យមានការចូលរួមពីវិស័យឯកជន ដើម្បីដើរស្របតាមគោលនយោបាយក្រសួងសុខាភិបាល ។

សូមជម្រាបជូនថា សន្និសិទថ្នាក់ជាតិលើកទីមួយនេះ រៀបចំឡើងដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ មានគោលបំណងបង្កើតជាវេទិកាថ្នាក់ជាតិសម្រាប់ការពិភាក្សារវាងភាគីពាក់ព័ន្ធពីស្ថាប័នរដ្ឋាភិបាលស្ថាប័នអប់រំ សង្គមស៊ីវិល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ក្នុងវិស័យសុខាភិបាល ដើម្បីឱ្យមានការពិភាក្សារួមគ្នាលើ អាទិភាពសុខាភិបាលជាតិ និងយុទ្ធសាស្ត្រកំណែទម្រង់លើគោលនយោបាយសុខភាពសាធារណៈ ដោយប្រើប្រាស់លទ្ធផលចេញពីការសិក្សាស្រាវជ្រាវក្នុងប្រទេសនិងតាមតំបន់៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner