មន្ទីរបញ្ចកោណចេញការព្រមាន ក្រោយវ៉េណេស៊ុយអេឡាបញ្ជូនយន្តហោះចម្បាំងពីរគ្រឿងហោះក្បែរនាវាអាមេរិក

វ៉ាស៊ីនតោន ៖ ភាពតានតឹងរវាងអាមេរិក និងវ៉េណេស៊ុយអេឡាកាន់តែឡើងកំដៅ ស្របពេលដែលមន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក បានចេញការព្រមានភ្លាមៗ បន្ទាប់ពីយន្តហោះចម្បាំងវ៉េណេស៊ុយអេឡាចំនួនពីរគ្រឿង បានហោះឆ្វែលទៅកៀកនឹងនាវាកងទ័ពជើងទឹកអាមេរិកនៅក្នុងដែនទឹកអន្តរជាតិ។ នេះបើតាមការសេចក្តីរាយការណ៍របស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី៥ ខែកញ្ញា។

កាសែត New York Times បានដកស្រង់សម្តីមន្ត្រីការពារជាតិអាមេរិកសុំមិនបញ្ជាក់ឈ្មោះចុះផ្សាយថា យន្តហោះចម្បាំង F-16 របស់វ៉េណេស៊ុយអេឡាចំនួនពីរគ្រឿងបានហោះពីលើនាវាពិឃាតបំពាក់មីស៊ីលបញ្ជាទិស Jason Dunham របស់អាមេរិក នៅសមុទ្រការ៉ាបៀនភាគខាងត្បូង ប៉ុន្តែនាវាអាមេរិកមិនបានឆ្លើយតបនឹងយន្តហោះនោះទេ។

ក្រសួងការពារជាតិអាមេរិកបានព្រមានវ៉េណេស៊ុយអេឡានៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយជំរុញឱ្យប្រទេសនេះបញ្ឈប់សកម្មភាពបង្កហេតុបន្ថែមទៀត ហើយបានពណ៌នាយន្តហោះចម្បាំងវ៉េណេស៊ុយអេឡា ដែលបានហោះជិតនាវាកងទ័ពជើងទឹកអាមេរិកថា ជាការប៉ុនប៉ងជ្រៀតជ្រែកក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀនរបស់ទីក្រុងវ៉ាស៊ីនតោន។

ក្រសួងការពារជាតិអាមេរិកបានសរសេរសារបង្ហោះលើវេទិការ X ថា ថ្ងៃនេះ យន្តហោះយោធាចំនួនពីរគ្រឿងរបស់របបដឹកនាំលោកប្រធានាធិបតីវ៉េណេស៊ុយអេឡា Maduro បានហោះហើរនៅជិតនាវាកងទ័ពជើងទឹកអាមេរិក នៅក្នុងដែនទឹកអន្តរជាតិ។

ក្រសួងបន្តថា ក្រុមជួញដូរគ្រឿងញៀន Cartel ដែលកំពុងគ្រប់គ្រងវ៉េណេស៊ុយអេឡា ត្រូវបានណែនាំយ៉ាងច្បាស់ៗ កុំឲ្យបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបង្កឧបសគ្គ រារាំង ឬជ្រៀតជ្រែកជាមួយប្រតិបត្តិការប្រឆាំងគ្រឿងញៀន និងប្រឆាំងភេរវកម្ម ដែលធ្វើឡើងដោយយោធាអាមេរិក។

គួរកត់សម្គាល់ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារថា ក្នុងអំឡុងប្រតិបត្តិការមួយនៅដែនទឹកអន្តរជាតិ យោធាអាមេរិកបានសម្លាប់សមាជិកចំនួន ១១នាក់នៃក្រុមជួញដូរគ្រឿងញៀន Tren de Aragua នៅប្រទេសវ៉េណេស៊ុយអេឡា។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកប្រធានាធិបតី Trump បានចោទប្រកាន់រដ្ឋាភិបាលវ៉េណេស៊ុយអេឡាថា មិនបានចាត់វិធានការគ្រប់គ្រាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ខណៈដែលទីក្រុងវ៉ាស៊ីនតោននៅតែបន្តចោទប្រកាន់លោកប្រធានាធិបតី Maduro ថា បានជាប់ពាក់ព័ន្ធនឹងក្រុមជួញដូរគ្រឿងញៀន Cartel de los Soles ដែលនេះជាការចោទប្រកាន់ដែលទីក្រុងការ៉ាកាសបានបដិសេធ៕

ប្រភព ៖ Al Jazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner