សត្វត្មាតនៅកម្ពុជា មានចំនួនថេរ ខណៈដែលប្រទេសជិតខាងបានផុតពូជទៅហើយ
(ភ្នំពេញ)៖ ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា (CVWG)ដែលមានសមាជិកជាអគ្គនាយកដ្ឋានជំនាញរបស់រាជរដ្ឋាភិបាល និងអង្គការអភិរក្សនានា បានរួមគ្នាប្រកាសព័ត៌មាន អំពីរបាយការណ៍លទ្ធផលអភិរក្សប្រចាំឆ្នាំ២០២៤ ដោយបានឱ្យដឹង ពីលទ្ធផលនៃការងារអភិរក្សដែលសម្រេចបានសំខាន់ៗ និងកត្តាព្រួយបារម្ភមួយចំនួនដែលបណ្តាលអោយមានផលប៉ះពាល់ដល់របាយសត្វត្មាតនៅក្នុងប្រទេសកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលបានផ្សព្វផ្សាយនៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២៥នេះឱ្យដឹងថា ៖
ត្មាតជាប្រភេទសត្វស៊ីសាកសពជាអាហារ ដែលជួយរក្សាលំនឹងនៃប្រព័ន្ធអេកូឡូស៊ី និងការពារសុខភាពមនុស្ស។ ដោយសារការស៊ីសាច់សត្វស្លាប់ ត្មាតអាចបញ្ឈប់ការរីករាលដាលនៃមេរោគគ្រោះថ្នាក់ ដូចជា ជំងឺឈាមខ្មៅ (anthrax) និងជំងឺឆ្កែឆ្កួត (rabies)។ ត្មាតមានក្រពះដែលមានអាស៊ីតដ៏ខ្លាំងដែលអាចបំផ្លាញមេរោគ ខណៈពេលដែលការស៊ីសាកសពក៏ជួយកាត់បន្ថយក្លិនស្អុយ និងហានិភ័យនៃជំងឺ។
ភស្តុតាងមានកើតក្នុងប្រទេសឥណ្ឌា បានបង្ហាញថាពេលចំនួនត្មាតធ្លាក់ចុះយ៉ាងកំហុគ គេសង្កេតឃើញថាមានការកើនឡើងនូវចំនួនឆ្កែអនាថា និងជំងឺឆ្លងមកកាន់មនុស្ស។ក្នុងនាមជា “ភ្នាក់ងារសម្អាតធម្មជាតិ” ត្មាតមានតួនាទីសំខាន់ក្នុងការរក្សាអនាម័យបរិស្ថាន និងស្ថិរភាពជីវចម្រុះ។
ប្រភពនេះបានឱ្យដឹងថា អស់រយៈពេលជាង ២០ឆ្នាំមកនេះប្រទេសកម្ពុជាគឺជាទីជម្រកដ៍សំខាន់សម្រាប់សត្វត្មាតដែលងាយរងគ្រោះនិងជិតផុតពូជបំផុត ដែលមានសេសសល់នៅអាស៊ីអាគ្នេយ៍ សត្វត្មាតទាំងនោះរួមមាន៖ ត្មាតផេះ (Gyps bengalensis) ត្មាតត្នោត (Gyps tenuirostris) និងត្មាតភ្លើង (Sarcogypscalvus)។
ដោយសារសត្វត្មាតត្រូវបានផុតពូជទៅហើយនៅប្រទេសជិតខាង ប្រទេសកម្ពុជាបានក្លាយជាបន្ទាយចុងក្រោយសម្រាប់ទ្រទ្រង់ប្រភេទសត្វត្មាតដែលនៅសេសសល់។ របាយការណ៍លទ្ឋផលប្រចាំឆ្នាំ2024 របស់ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា ជាលទ្ធផលថ្នាក់ជាតិដែលបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជារួមមាន៖ ក្រសួងបរិស្ថាន, អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ, រដ្ឋបាលព្រៃឈើ, នាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ, មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ, អង្គការជីវិតធម្មជាតិនៅកម្ពុជា, អង្គការសមាគមអភិរក្សសត្វព្រៃ, មូលនិធិសាកលសម្រាប់ធានធានធម្មជាតិ, សំ វាសនា ខន់សឺវេសិនធួរ, សមាគមមគ្គុទ្ទេសក៍សត្វស្លាបកម្ពុជា , និងមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ។
របាយការណ៍របស់ក្រុមអ្នកអភិរក្សក៏បានរំលេចពីសកម្មភាពអភិរក្សសំខាន់ៗជាច្រើន ដែលក្រុមការងារអភិរក្សត្មាតនៅកម្ពុជាបានអនុវត្តដូចជា ការផ្តល់ចំណីបន្ថែម ឬការធ្វើ “អាហារដ្ឋានសត្វត្មាត” គឺជាសកម្មភាពសំខាន់បំផុត ដើម្បីធានាថារាល់សាកសពសត្វដែលផ្តល់ជាអាហារបន្ថែមសម្រាប់សត្វត្មាតគឺមានសុវត្ថភាព គ្មានការបំពុល។ តួនាទីពីរដែលអាហារដ្ឋានត្មាតបំពេញភារះក្នុងពេលតែមួយគឺការផ្តល់អាហារបន្ថែមដើម្បីទ្រទ្រង់ដល់ការរស់នៅ និងការកត់ត្រាឬតាមដាននិន្នាការនៃចំនួនប្រជាសាស្ត្ររបស់សត្វត្មាតបានយ៉ាងជាក់លាក់។
ក្នុងឆ្នាំ២០២៤ សាកសពគោចំនួន ១២៦ក្បាលត្រូវបានផ្តល់ ជាអាហារដល់សត្វត្មាតនៅតាមអាហារដ្ឋានត្មាតទាំងអស់ដែលមាន ពោលគឺជាចំនួនសាកសពគោដែលផ្តល់អោយសត្វត្មាតដ៏ច្រើនមិនធ្លាប់មាន ក្នុងនោះអាហារដ្ឋាននៅដែនជម្រកសត្វព្រៃសៀមបាងនាខេត្តស្ទឹងត្រែង ផ្តល់សាកសពគោ៥២ក្បាល អាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃឆែបផ្តល់៤៧ក្បាល ដោយលែកឡែកសាកសពគោ២៧ក្បាលទៀតត្រូវបានផ្តល់នៅអាហារដ្ឋានបីទៀតគឺ ដែនជម្រកសត្វព្រៃសំបូរ ដែនជម្រកសត្វព្រៃលំផាត់ និងដែនជម្រកសត្វព្រែស្រែពក។
លទ្ធផលជំរឿនត្មាតនៅតាមទីតាំងអាហារដ្ឋានត្មាតទូទាំងប្រទេស កត់ត្រាបានត្មាតសរុបចំនួន ១៤៣ក្បាល ដែលជាលទ្ធផលខ្ពស់បំផុតបើគិតចាប់តាំងពីឆ្នាំ២០១៩។ សំបុកត្មាតសរុបមានចំនួន១៩សំបុកត្រូវបានរកឃើញ ធ្វើការអង្កេតតាមដាន និងការពារក្នុងឆ្នាំ២០២៤ ជាលទ្ធផលកូនចំនួន១៦ក្បាលបានញាស់និងហើរចេញពីសំបុកយ៉ាងជោគជ័យ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍នេះក៏បានបង្ហាញផងដែរអំពីកត្តាប្រឈមមួយចំនួនដែលបានកើតឡើងចំពោះសត្វត្មាត។
ករណីបំពុលដែលធ្វើឡើងទៅលើសត្វស្រុក និងសត្វព្រៃនៅតែបន្តកើតមាននៅតាមទីតាំងសំខាន់ៗ ដែលមាននៅក្នុងរបាយសត្វត្មាតក្នុងឆ្នាំ២០២៤។ ខណៈដែរសត្វត្មាតដើរតួនាទីយ៉ាងសំខាន់ក្នុងការស៊ីសាកសពជាកាកសំណល់ សត្វត្មាតប្រឈមនិងគ្រោះថ្នាក់ខ្ពស់ បើពួកគេស៊ីសាកសពសត្វដែលស្លាប់ដោយការបំពុល។ ការអភិរក្សឆ្លងប្រទេសក៍ជាការងារមួយសំខាន់ផងដែរ ដោយយើងទើបបានរកឃើញថាសត្វត្មាតផេះមួយចំនួនកំពុងពងកូននៅតាមបណ្តោយព្រំដែនប្រទេសកម្ពុជា និងប្រទេសឡាវក្នុងខេត្តចំប៉ាសាក់៕
ដោយ ៖ ម៉ាដេប៉ូ










