លោក គីម ជុងអ៊ុន ប្រាប់លោក ស៊ី ជីនពីង ថា កូរ៉េខាងជើងគាំទ្រការការពារអធិបតេយ្យភាពទឹកដីចិន
ប៉េកាំង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្លែងអះអាងនៅចំពោះមុខប្រធានាធិបតីចិន លោក ស៊ី ជីនពីង ថា កូរ៉េខាងជើងនឹងបន្តគាំទ្រប្រទេសចិន នៅក្នុងការការពារអធិបតេយ្យភាព ទឹកដី និងផលប្រយោជន៍អភិវឌ្ឍន៍របស់ចិន។ នេះបើតាមការសេចក្តីរាយការណ៍របស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី៥ ខែកញ្ញា។
មេដឹកនាំទាំងពីរបានជួបទល់មុខគ្នា មួយថ្ងៃបន្ទាប់ពីបានបង្ហាញពីការរួបរួមមិនធ្លាប់មាន ជាមួយនឹងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក្នុងទីក្រុងប៉េកាំង។ ហើយជំនួបទ្វេភាគីរវាងលោក គីម និង លោក ស៊ី កាលពីថ្ងៃព្រហស្បតិ៍ កើតឡើងបន្ទាប់ពីលោក ពូទីន បានអរគុណមេដឹកនាំកូរ៉េខាងជើង ចំពោះការបញ្ជូនកងទ័ពទៅជួយប្រយុទ្ធរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា លោក គីម បានប្រាប់លោក ស៊ី អំឡុងជំនួបទ្វេភាគីនៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ថា មិនថាស្ថានភាពអន្តរជាតិផ្លាស់ប្តូរយ៉ាងណាទេ អារម្មណ៍នៃមិត្តភាពមិនអាចផ្លាស់ប្តូរបានឡើយ រវាងកូរ៉េខាងជើង និងចិន។
ចំណែកលោក ស៊ី បានប្រាប់លោក គីម វិញថា ចិន និងកូរ៉េខាងជើង គឺជាអ្នកជិតខាងល្អ មិត្តល្អ និងសមមិត្តល្អ ដែលចែករំលែកជោគវាសនាតែមួយ ហើយលោកមានឆន្ទៈការពារ បង្រួបបង្រួម និងអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន KCNA។
ប្រព័ន្ធផ្សព្វផ្សាយនេះបានរាយការណ៍ទៀតថា មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ និងការការពារផលប្រយោជន៍រួម ក្នុងបញ្ហាអន្តរជាតិ និងតំបន់ ព្រមទាំងការធ្វើទស្សនកិច្ចបន្ថែមទៀត ក្នុងចំណោមមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងយុទ្ធសាស្ត្រផងដែរ។
លោក គីម បានចាកចេញពីទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ ត្រឡប់ទៅកាន់កូរ៉េខាងជើងវិញ ហើយដំណើរទស្សនកិច្ចរបស់លោក គីម មកកាន់ប្រទេសចិន បានក្លាយឱកាសដ៏ប្រវត្តិសាស្ត្រ ដែលពង្រឹងបន្ថែមទៀតនូវទំនុកចិត្តផ្នែកនយោបាយ និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ៕
ប្រភព ៖ Al Jazeera ប្រែសម្រួល ៖ ឈឹម ទីណា



