ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញពន្លឿនការសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ «ឆ្នេរតេជោសន្តិភាពកែប» ដើម្បីឲ្យពលរដ្ឋចូលលេងកម្សាន្ត
កែប៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ហៅកាត់ គ.អ.ឆ.ក បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យវឌ្ឍនភាព ការសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ «ឆ្នេរតេជោសន្តិភាពកែប» ក្នុងនោះ លោកបានណែនាំ និងជម្រុញអោយអ្នកម៉ៅការពន្លឿនក្នុងការសាងសង់ ធ្វើយ៉ាងណាអាចឲ្យប្រជាពលរដ្ឋចូលលេងកម្សាន្តបាន ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ ។
ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោង ឆ្នេរតេជោសន្តិភាពកែប ដែល ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍ថា នៅរាជធានីភ្នំពេញ នឹងផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដូចនេះតាមបណ្តាខេត្ត នឹងក្លាយជាទិសដៅ នៃការធ្វើដំណើរកម្សាន្ត របស់បងប្អូនប្រជាពលរដ្ឋពិសេសខេត្តតំបន់សមុទ្រ ហេតុនេះការពន្លឿនអនុវត្តគម្រោងឆ្នេរតេជោសន្តិភាពកែប ជាការបើកបង្ហាញសមិទ្ធផលថ្មីជូនពលរដ្ឋបានស្គាល់ ក៏ដូចជាជួយទាក់ទាញអ្នកទេសចរ ចូលមកលេងខេត្តកែប កាន់តែច្រើនផងដែរ។
អាជ្ញាធរខេត្តកែបបានឲ្យដឹងថា នេះជាសមិទ្ធផលដ៏លេចធ្លោមួយទៀត សម្រាប់ប្រជាជនខេត្តកែប ក្នុងសម័យតេជោ-ធិបតី។ គម្រោងនេះ នឹងលើកកម្ពស់ គុណភាពឆ្នេរប្រវែង២,៧០០ម៉ែត្រ លាតសន្ធឹងនៅប៉ែកខាងលិចក្រុងកែប ឱ្យក្លាយទៅជាឆ្នេរខ្សាច់កម្សាន្តប្រណិតតែមួយគត់ ដែលនឹងឆ្លើយតបបានទៅនឹងការរំពឹងទុក របស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកម្សាន្ត។
អាជ្ញាធររំពឹងខ្ពស់ដែរថា ក្នុងថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ ខេត្តកែបនឹងទទួលបានអ្នកទេសចរ មកលេងកម្សាន្តច្រើនជាងឆ្នាំកន្លងទៅ ស្របពេលដែលតំបន់ទេសចរណ៍មានច្រើនជម្រើស ពិសេសឆ្នេរថ្មីរបស់យើង គឺឆ្នេរតេជោសន្តិភាពកែប ហើយការស្ថាបនាកាន់តែជិតរួចរាល់៕ ដោយ / គ្រី សម្បត្តិ










