នាយករដ្ឋមន្ត្រីថៃថ្មី ប្តេជ្ញាធ្វើការ មិនឈប់ឈរ
បាងកក៖ លោក នាយករដ្ឋមន្ត្រីថៃ ទើបជាប់ឆ្នោតបានប្តេជ្ញា ថា នឹងធ្វើការ ដោយមិនឈប់ឈរ ហើយ បញ្ជាក់ថា នឹងមិនមានការសម្រាកឡើយ ខិតខំដោះស្រាយបញ្ហាសំខាន់ៗ របស់ជាតិ។
លោក អានុទីន នាយករដ្ឋមន្ត្រីទី៣២ បានលើកឡើង ប្រាប់អ្នកសារព័ត៌មាន ពេលដើរចាកចេញពីរដ្ឋសភា ថា «មិនមានពេលច្រើនទេ ដូច្នេះ ខ្ញុំគ្រោងនឹងធ្វើការ ជារៀងរាល់ថ្ងៃ ដោយមិនឈប់សម្រាក ដើម្បីធានាថា បញ្ហានានា ត្រូវបានដោះស្រាយ យ៉ាងឆាប់រហ័ស»។
សភាថៃ នៅថ្ងៃសុក្រ ទី៥ ខែកញ្ញា នេះ បានបញ្ជាក់ពី មហាសេដ្ឋី អភិរក្សនិយម រូបនេះ ឱ្យធ្វើជានាយករដ្ឋមន្ត្រីថ្មី។លទ្ធផលចុងក្រោយ ផ្លូវការ បានបង្ហាញថា លោក អានុទីន បានឈ្នះ ៣១១ សំឡេង ដោយទទួលបានការគាំទ្រភាគច្រើន ធៀបនឹង សមាជិក ចំនួន៤៩២ នៅក្នុងសភាជាន់ទាប។
លោក Chalad Khamchuang អនុប្រធានសភា បានប្រកាសថា «សភាអនុម័តលោក Anutin Charnvirakul ឱ្យក្លាយជានាយករដ្ឋមន្ត្រី»។
លោក អានុទីន ត្រូវបានសភាបោះឆ្នោត ឲ្យធ្វើជានាយករដ្ឋមន្ត្រី បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ត្រូវបានតុលាការធម្មនុញ្ញ ដកតំណែងចោល កាលពីថ្ងៃសុក្រ សប្តាហ៍មុន៕
ប្រភពពី The Nation, AFP ប្រែសម្រួល៖ សារ៉ាត